សម្ដីគ្រូព្រះខ័នរាជស្វាយរៀង និងគ្រូភ្នំពេញក្រោន មុនជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ

មាស សុផាណារ៉ុង September 17, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ នាកីឡដ្ឋានជាតិ ខណៈមុនការប្រកួតមកដល់ គ្រូបង្វឹកនៃក្រុមទាំងពីរសុទ្ធតែបានលើកឡើងផ្សេងៗពីគ្នា ដោយគ្រូព្រះខ័នរាជស្វាយរៀង ថាទោះមានកីឡាកររបួសច្រើនតែនៅតែមានការរៀបចំក្រុមបានល្អ ស្របពេលដែលគ្រូភ្នំពេញក្រោន ថាកីឡាករខ្មែរលេងជាមួយកីឡាករខ្មែរដូចគ្នាតែម្តង បានន័យថា៥០ភាគរយដូចគ្នា បើសិនជាក្រុមណាមានឱកាស ឆន្ទៈខ្ពស់​ ក្នុងទីលានក្រុមនោះនឹងក្លាយជាអ្នកឈ្នះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ លោក Conor Nestor គ្រូបង្វឹកនៃក្លឹបព្រះខ័នរាជស្វាយរៀង បានលើកឡើងយ៉ាងដូច្នេះថា៖ «ពិតណាស់យើងរៀបចំបានល្អ ពិតណាស់យើងមានការប្រកួតជាមួយបាទី កាលពីថ្ងៃអាទិត្យ ហើយយើងមានកីឡាករដែលត្រលប់មកវិញពីក្រុមជម្រើសជាតិជាមួយបញ្ហារបួស ដូច្នេះនៅពេលនេះយើងមានបញ្ហាកីឡាកររបួស ដូចជា សឿយ វិសាល, សំណាង, មុន្នីឧត្តម និងគន្ធា រ៉ាវណ្ណ ដែលសុទ្ធសឹងតែមានបញ្ហារបួស តែក្រៅពីនេះយើងក៏បានហ្វឹកហាត់យ៉ាងម៉ត់ចត់ ជាមួយនឹងការរៀបចំ យើងរួចរាល់សម្រាប់ការប្រកួតនេះ។»

ដោយឡែក លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្ដោះអាសន្នរបស់ភ្នំពេញក្រោន បានលើកឡើងផងដែរថា៖ «ចំពោះក្រុម៤ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មិនមែនជាក្រុមតូចតាចទេ គឺសុទ្ធតែជាក្រុមធំទាំងអស់ និង សុទ្ធតែមានមនសិការរៀងខ្លួន ដើម្បីរៀបចំក្រុមបានល្អប្រសើរ​ដណ្តើមជ័យជម្នះ។ ចំពោះក្រុមយើងដូចគ្នា​ មកដល់វគ្គនេះហើយយើងមិនបានគិតថា ព្រះខ័នរាជស្វាយរៀង ពីមុនមកមិនទាន់ស្គាល់ចាញ់ ដោយស្មើ និងឈ្នះ នៅក្នុងលីគហើយចាត់ទុកវាជាសម្ពាធរបស់យើងនោះទេ។ តែមកដល់ពេលនេះកីឡាករខ្មែរលេងជាមួយកីឡាករខ្មែរដូចគ្នាតែម្តង បានន័យថា៥០ភាគរយដូចគ្នា បើសិនជាក្រុមណាមានឱកាស ឆន្ទៈខ្ពស់​ ក្នុងទីលានក្រុមនោះនឹងក្លាយជាអ្នកឈ្នះ។ ក្រុមយើងបានរៀបចំរួចជាស្រេច ហើយខាងគេក៏បានរៀបចំដូចគ្នា​ ប៉ុន្តែអ្វីសំខាន់នោះគេ៩០នាទីលើទីលាន។ កន្លែងនេះសម្រាប់ក្លិប​ ភ្នំពេញក្រោន គឺយើងប្តូរអស់ហើយទាំងកីឡាករ និងក្រុមការងារ មិនអាចឲ្យរបូតបាននោះទេ។ ទោះជាយ៉ាងណាក៏យើងប្តូរជ័យជម្នះសម្រាប់លើកតម្កើងក្រុមរបស់យើងឲ្យល្អប្រសើរ ដើម្បីឈានទៅវគ្គបន្តទៀត។»

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ត្រូវជួបគ្នា នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ខានស្អែក នៅលើទីលានពហុកីឡដ្ឋានជាតិ។ រីឯប្រកួតទៀត គឺក្រុមវិសាខា ត្រូវជួបបឹងកេត នាថ្ងៃទី១៨ ខែកញ្ញា ក្នុងម៉ោងដដែល នៅពហុកីឡដ្ឋានជាតិ ស្អែកនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់