បាល់ទាត់ជាតិក្នុងសាល រកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដំណាក់កាលចុងក្រោយ

មាស សុផាណារ៉ុង September 17, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំឆ្នាំ២០១៩ ( National Futsal Cup 2019 ) បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូល ដំណាក់កាលទី២ ជាផ្លូវការ និងបានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ផងដែរ។

ឆ្លងកាត់ការប្រកួតដំណាក់កាលទី២ វគ្គជម្រុះក្នុងពូល ទីបំផុតបានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការ បន្ទាប់ពីបានចំណាយពេលរយៈពេល ២ខែ យ៉ាងស្វិតស្វាញរួចមក។

នៅក្នុងដំណាក់កាលទី២ មានការបែងចែកជា ២ពូល និងមួយពូលមាន ៥ក្រុម ដោយក្រុមទាំងនោះរួមមាន សសយក កំចាយមារ, ឱម៉ាល់, ហូមស្បត, ដោនថោនស្បត, ឆន្ទះកីឡា, យ៊ាំងហ្គ័ន ( Young Gun ), អាណាចក្របៃតង, ផេនដា, ឡូដឌីង និង ប៊ីអេយូណាយធីត។

ដោយឡែកក្រុមដែលឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមាន សសយក កំចាយមារ, ឱម៉ាល់, ហូមស្បត, ដោនថោនស្បត ហើយគ្រោងនឹងប្រកួតនៅចុងសប្ដាហ៍នេះ។

សូមបញ្ជាក់ផងដែរថា នេះគឺជារដូវកាលទី៣ ហើយដែលពានរង្វាន់បាល់ទាត់ក្នុងសាលត្រលប់មកប្រកួតសារជាថ្មី បន្ទាប់ពីបាត់មុខអស់ជាច្រើនឆ្នាំ។ ចំពោះការប្រកួតពានរង្វាន់ជើងឯកជាតិ បាល់ទាត់ក្នុងសាល ឆ្នាំ ២០១៩នេះផងដែរ ក៏នឹងមានផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ MYTV ផ្តាច់មុខ គ្រប់ការប្រកួតដែលធ្វើឡើងនៅមជ្ឈមណ្ឌលកីឡា The BLUE។

ត្រលប់មកវិញកាលពីឆ្នាំ២០១៧ ពានរង្វាន់នេះធ្វើការប្រកួតជាលក្ខណៈថ្នាក់ជាតិ មានក្រុមចូលរួមច្រើន និងបែងចែកពូល ប្រកួតច្រើនដំណាក់កាល រហូតដល់រកជើងឯកគឺបានទៅលើ ក្រុមស.ស.យ.ក កំចាយមារ ស្របពេលដែលរដូវកាលទី២ ឆ្នាំកន្លងទៅ ប្រកួតជាលក្ខណៈលីគវិលជុំសន្សំពិន្ទុវិញ ជាមួយនឹងក្រុមចំនួន១០ចូលរួមប្រកួត លទ្ធផលជើងឯកគឺបានទៅលើក្រុម ដោនថោនស្បត ( Down Town Sport ) ដែលទើបតែបញ្ចប់ភារកិច្ចតំណាងកម្ពុជា ប្រកួតក្នុងពានក្លឹបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship 2019 ) នៅប្រទេសថៃ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់