ប្រធានក្រុមប៉ូលីស ភ្ញាក់ផ្អើលចំពោះជ័យជម្នះលើ អង្គរថាយហ្គឺរ ៤ទល់១

មាស សុផាណារ៉ុង September 17, 2019


 

ភ្នំពេញ៖ ប្រធានក្រុមនៃក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ សាយ ពិសិដ្ឋ បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជ័យជម្នះលើ ក្លឹបអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៤ទល់១ នៅឯកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីជំនួបសប្តាហ៍ទី២២ នៃលីគកំពូលកម្ពុជា។

នៅក្នុងការប្រកួតអង្គរថាយហ្គឺរ បានរកគ្រាប់បាល់បញ្ចូលទីមុន ដោយកីឡាករ ឡុង ភារ៉ាត ក្នុងរយៈពេលតែ ១០នាទីនៃការប្រកួត ប៉ុន្តែកីឡាករ Souza Matheus បានជួយឲ្យអគ្គស្នងការនគរបាលជាតិ តាមស្មើបានវិញនៅវគ្គទី១។ ចូលដល់វគ្គទី២ ត្រឹមតែ ៩នាទី Souza Matheus ដដែលបានរកគ្រាប់បាល់ទី២ របស់ខ្លួនក្នុងការប្រកួត និងជួយឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាំមុខវិញម្ដង ២ទល់១ មុនពេល Mathew Osa រកគ្រាប់នាំមុខបន្ថែមទៀត ៣ទល់១ និងចុងក្រោយ Souza Matheus រកគ្រាប់បាល់ Hat Trick ជួយឲ្យក្រុមរបស់ លោក ប្រាក់ សុវណ្ណារ៉ាទទួលបានជ័យជំនះមិនគួរឱ្យជឿក្នុងលទ្ធផល ៤ទល់១ លើក្រុមអង្គរថាយហ្គឺរ។

បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំលើអង្គរថាយហ្គឺរ កីឡាករ សាយ ពិសិដ្ឋ បានសម្ដែងការពេញចិត្តនឹងកម្មវិធីហ្វឹកហាត់ និងបច្ចេកទេស របស់ លោក ប្រាក់ សុវណ្ណារ៉ា ខណៈដែលប្រធានក្រុមនគរបាលជាតិ ក៏បានកោតសរសើរដល់វីរៈបុរសឆ្នើម Souza Matheus ចំពោះការខិតខំរបស់គេ។

សាយ ពិសិដ្ឋ បានប្រាប់ camsports.org ថា៖ «ខ្ញុំគិតថាគ្រប់គ្នា រួមទាំងក្រុម និងអ្នកគាំទ្រមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះលទ្ធផលនេះ។ យើងមានអារម្មណ៍អស្ចារ្យដែលយើងឈ្នះការប្រកួតជាមួយនឹងលទ្ធផលដ៏ធំធេង។ យើងបានរៀបចំកម្មវិធី និងវិធីសាស្ត្រហ្វឹកហាត់ថ្មីៗមុនការប្រកួតមកដល់។ គ្រូបង្វឹកមានជំនឿលើយើង ប៉ុន្តែវាមិនទាន់ល្អឥតខ្ចោះនៅឡើយទេ។ ប្រសិនបើយើងចុះហត្ថលេខាលើកីឡាករដែលមានគុណភាពកាន់តែច្រើន ខ្ញុំប្រាកដថាប៉ូលីស នឹងកាន់តែល្អប្រសើរនៅរដូវកាលក្រោយ។»

មានយោបល់ចំពោះកម្លាំងប្រយុទ្ធថ្មីដែលនាំចូលនៅជើងទី២ កីឡាករ Souza Matheus ប្រធានក្រុមដដែលរូបនេះបនាបន្តថា៖ «ក្នុងពេលហ្វឹកហាត់ខ្ញុំបានកត់សម្គាល់ឃើញថាគាត់ [Souza Matheus] គឺជាកីឡាករផ្សេង ពីកីឡាករផ្សេងទៀតដែលធ្លាប់លេងឲ្យយើង។ គាត់ពិតជាខិតខំខ្លាំងណាស់ ហើយតែងតែទទួលយកដំបូន្មានរបស់គ្រូបង្វឹក។ គាត់កំពុងព្យាយាមអនុវត្តតាមអ្វីដែលគ្រូបង្វឹកបានណែនាំគាត់។ គាត់គឺជាកីឡាករដែលមានគុណភាព។»

និយាយដោយឡែក ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បច្ចុប្បន្នកំពុងឈរនៅលេខ១១ នៃតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា សប្ដាហ៍ទី២២ ជាមួយនឹងពិន្ទុចំនួន ២៤ក្នុងដៃ ដោយឈ្នះ ៧ដង ស្មើ៣ និងចាញ់ ១២ដង៕

 

រូបភាព៖ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទ៖ សុភ័ក្ត្រិ

មតិយោបល់