គ្រូ U-16 កម្ពុជា៖ យើងត្រៀមខ្លួនរួចហើយ ដើម្បីប្រជែងជាមួយក្រុមខ្លាំងៗ ក្នុងពូល J

មាស សុផាណារ៉ុង September 17, 2019


 

ភ្នំពេញ៖ លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា បានលើកឡើងថា កូនក្រុមរបស់ខ្លួនបានត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បីតតាំងជាមួយក្រុមខ្លាំងៗ នៅក្នុងពូល J នៃវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំជើងឯកអាស៊ី ( AFC U16 Championship 2020 Qualifiers ) នៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុខ។

ថ្លែងមុនឡើងយន្ដហោះ ដឹកនាំកូនក្រុមឆ្ពោះទៅទីក្រុងវៀងច័ន្ទន៍ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ម្សិលមិញ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានទទួលស្គាល់ថា ក្នុងពូល J សុទ្ធតែជាក្រុមខ្លាំងៗ ដូចជាជប៉ុន ម៉ាឡេស៊ី និងឡាវ។ ប៉ុន្ដែយ៉ាងណាក្រុមគោព្រៃជំទង់កម្ពុជា ក៏បានព្យាយាម និងខិតខំហ្វឹកហាត់ខ្លាំង ដើម្បីប្រកួតប្រជែងជាមួយពួកគេផងដែរ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងដឹងពូល J សុទ្ធតែខ្លាំងៗ តែយើងបានត្រៀមខ្លួនរួចហើយ ដើម្បីប្រកួតប្រជែងដោយឆន្ទៈ និងប្រឹងអស់ពីលទ្ធភាព ទោះបីបញ្ចប់ដោយលទ្ធផលម៉េចក៏ដោយ…។ យើងធ្លាប់បានជួប ២ក្រុមមកហើយ ក្នុងពាន AFF U-15 នៅថៃ គឺម៉ាឡេស៊ី និងឡាវ ហើយលទ្ធផលយើងបានចាញ់គេ។ ឯជប៉ុន ខ្ញុំបានសួរមិត្តភ័ក្ដ្រជនជាតិជប៉ុនដូចគ្នា គាត់ថា ជប៉ុនក៏មិនធម្មតាដែរ។ ចឹងយើងគិតថា វាពិបាក តែយើងនឹងខំឲ្យអស់ពីសមត្ថភាព នូវអ្វីដែលយើងខំប្រឹងហាត់កន្លងមក ដើម្បីស្វែងរកលទ្ធផល និងជ័យជម្នះជូនកម្ពុជា។»

គួរបញ្ជាក់ថា ក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទ នៅល្ងាចថ្ងៃដដែលកាលពីម្សិលមិញ ហើយពួកគេនឹងចាប់ផ្ដើមហ្វឹកហាត់ផ្លូវការ នៅល្ងាចថ្ងៃអង្គារនេះ មុនចាប់ផ្ដើមការប្រកួតផ្លូវការស្អែក ដោយក្រុម U-16 កម្ពុជា ត្រូវជួបក្រុម U-16 ម៉ាឡេស៊ីមុនគេ បន្ទាប់មកទើបជួបក្រុមការពារតំណែងជើងឯកជប៉ុន នាថ្ងៃទី២០-កញ្ញា និងចុងក្រោយក្រុមគោព្រៃជំទង់កម្ពុជា ត្រូវប៉ះក្រុមម្ចាស់ផ្ទះ U-16 ឡាវ នាថ្ងៃទី២២ ខែកញ្ញា ដើម្បីប្រជែងកៅអីឆ្ពោះទៅជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC U-16 Championship 2020 នៅប្រទេសិង្ហបុរី៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់