Da Cruz ជុំវិញវិសាខា ក្នុងការប្រជែងជើងឯកលីគ៖ «យើងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់»

មាស សុផាណារ៉ុង September 17, 2019


 

ភ្នំពេញ៖ ក្តីសង្ឃឹមក្នុងការដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា របស់វិសាខានៅតែមានតិចតួចនៅឡើយ ខណៈដែលកំពុងតាមពីក្រោយក្រុមកំពូលតារាងលីគ ព្រះខ័នរាជស្វាយរៀង ដល់ទៅ ៨ពិន្ទុ និងការប្រកួតនៅសេសសល់ចំនួន ៤ប្រកួតទៀតនឹងត្រូវបញ្ចប់។

ទោះយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Da Cruz បានបង្ហើបថាការប្រជែងពានរបស់ក្រុមខ្លួននៅមិនទាន់ចប់នៅឡើយទេ ហើយនឹងតស៊ូរហូតដល់ទីបញ្ចប់បន្ទាប់ពីបានផ្តួល ក្រសួងការពារជាតិ ៣ទល់០ នៅលើទឹកដីខ្លួន កាលពីចុងសប្តាហ៍កន្លងទៅ ដោយ Da Cruz ផ្ទាល់បានរកគ្រាប់បាល់បញ្ចូលទីបាន ២គ្រាប់ និង ១គ្រាប់ទៀតរកបានដោយកីឡាករ សារី ម៉ាណូរ៉ូទីន។

ជ័យជម្នះដ៏ធំកាលពីសប្តាហ៍មុនទៅលើក្រុមរបស់ លោក ទេព ឡុងរចនា ធ្វើឱ្យក្តីសុបិនរបស់វិសាខា នៅតែបន្ត ស្របពេលដែលព្រះខ័នរាជស្វាយរៀង បានបង្ហាញនូវអ្វីដែលក្រុមជើងឯកត្រូវធ្វើដោយបានបំបាក់ក្រុមយុវជនសាលាបាល់ទាត់បាទី ៧ទល់០ នៅកីឡដ្ឋានខេត្តស្វាយរៀង។

យ៉ាងណាមិញ Da Cruz បានប្រាប់ camsports.org ថា៖ «ខ្ញុំគិតថាការឈ្នះគឺតែងតែល្អ។ យើងធ្វើនេះដើម្បីនាំមកនូវសេចក្តីរីករាយដល់ក្រុមគ្រួសារវិសាខា។ វាជាជោគជ័យដ៏សំខាន់មួយដើម្បីធ្វើអោយយើងបន្តក្ដីសុបិន។ ពិតណាស់ ខ្ញុំសប្បាយចិត្តណាស់ដែលបានរកគ្រាប់បាល់បញ្ចូលទី និងអាចជួយមិត្តរួមក្រុមរបស់ខ្ញុំនៅលើទីលាន ដើម្បីស្វែងរកជ័យជំនះ។»

«ដូច្នេះឥឡូវយើងមាន ៨ពិន្ទុ តាមពីក្រោយព្រះខ័នរាជស្វាយរៀង។ ខ្ញុំតែងតែនិយាយជាមួយមិត្តរួមក្រុមរបស់ខ្ញុំអំឡុងពេលហ្វឹកហាត់ថា ដរាបណាយើងនៅតែមានឱកាសប្រយុទ្ធដណ្តើមជើងឯកយើងនឹងតស៊ូ ហើយយើងនៅតែបន្តក្ដីសុបិន។ រដូវកាលនេះខ្ញុំអាចជួយវិសាខា ប៉ុន្តែខ្ញុំតែងតែកោតសរសើរថាប្រសិនបើវាមិនមែនមកពីមិត្តរួមក្រុមខ្ញុំទេ នោះខ្ញុំនឹងមិនអាចរកគ្រាប់បាល់បានឡើយ។ ដូច្នេះប្រសិនបើខ្ញុំរកគ្រាប់បាល់ឲ្យខ្លួនឯង គឺជាការធ្វើដោយក្រុមទាំងមូល។ យើងជាក្រុមតែមួយ ហើយយើងលេងជាក្រុម»។ Da Cruz បានបន្ថែម។

សូមបញ្ជាក់ថា និយាយដោយឡែកសម្រាប់ Da Cruz វិញបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៣ នៃបញ្ជីកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលកម្ពុជា ពោលគឺរកបាន ២៣គ្រាប់ តាមពីក្រោយ Dzarma Bata លេខ២ កំពុងកាន់ ២៥គ្រាប់ក្នុងដៃ និង Mbarga Privat ឈរលេខគេ មាន ៣០គ្រាប់៕

 

អត្ថបទ៖ សុភ័ក្ត្រិ

មតិយោបល់