គ្រូបង្វឹកវិសាខា ថាត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ទោះបីមានការសម្រាកលីគក៏ដោយ

មាស សុផាណារ៉ុង September 16, 2019


 

ភ្នំពេញ៖ លោក Tunji Akeep Ayoyinka គ្រូបង្វឹកបណ្ដោះអាសន្ននៃក្លឹបបាល់ទាត់វិសាខា ថាបានត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រួចហើយ ទោះបីមានការសម្រាកលីគក៏ដោយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមកដល់ លោក Tunji Akeep Ayoyinka បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងបានចំណាយពេលច្រើនផងដែរដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ទោះបីមានការសម្រាកលីគក៏ដោយ ហើយយើងបានត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួតដ៏សំខាន់នេះ។» 

លើសពីនេះ លោកបានបន្ថែមថា៖ «កីឡាករយើងមួយចំនួនបានជាប់កាតព្វកិច្ចជម្រើសជាតិ ដូច្នេះយើងគិតថា វាជាផលចំណេញមួយដែរសម្រាប់ពួកយើង ព្រោះពួកគេបានហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ទទួលបានបទពិសោធបន្ថែមកាន់តែល្អទៀត។ ចំពោះកីឡាករដែលនៅនឹងក្លិប ក៏បានប្រឹងប្រែងយ៉ាងមុតមាំដែរ ហើយពេលអ្នកជាប់ជម្រើសជាតិវិលមកក្លិបវិញ យើងឃើញថា ការលេងជាមួយគ្នា គឺចុះសម្រុងល្អមែនទែន ដូច្នេះអ្នករាល់គ្នាបានត្រៀមរួចរាល់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត។»

គួរបញ្ជាក់ថា បឹងកេត និងវិសាខា នឹងត្រូវជួបគ្នា នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ខានស្អែក នៅលើទីលានពហុកីឡដ្ឋានជាតិ។ ប៉ុន្ដែចាប់ផ្ដើមការប្រកួតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំសន្និសីទមួយ នៅរសៀលថ្ងៃច័ន្ទនេះ ដោយមានការចូលរួមពីគ្រូបង្វឹក និងប្រធានក្រុមទាំងពីរ ដើម្បីបង្ហាញពីការត្រៀមការប្រកួតរៀងៗខ្លួន។

រីឯប្រកួតទៀត គឺក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន នាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី១៩ ខែកញ្ញា ក្នុងម៉ោងដដែល នៅពហុកីឡដ្ឋានជាតិតែមួយគត់ ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់