Hun Sen Cup៖ គ្រូបង្វឹកបឹងកេត ថាប៉ះ វិសាខា ថ្ងៃពុធនេះដូចប៉ះក្រុមជម្រើសជាតិ!

មាស សុផាណារ៉ុង September 16, 2019


 

ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានចាត់ទុកការជួបក្រុមវិសាខា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ នាថ្ងៃពុធនេះ ប្រៀបដូចជួបក្រុមជម្រើសជាតិដូច្នោះដែរ ព្រោះវិសាខា សម្បូរកីឡាករខ្មែរល្អៗ តែយ៉ាងណាលោកមិនបារម្ភនោះឡើយ។

លោកថា ការប្រកួតថ្ងៃពុធនេះ គឺជាការប្រកួតដ៏សំខាន់របស់បឹងកេត ហើយក៏ជាការប្រកួតដ៏តានតឹងផងដែរ ដែលត្រូវជួបវិសាខា។ «ដូចយើងដឹងហើយវិសាខា គឺជាក្រុមមួយសម្បូរដោយកីឡាករខ្មែរល្អៗ យើងគិតថា ១១នាក់ដំបូងរបស់គាត់ ចង់ជម្រើសជាតិទាំងអស់ ចឹងថ្ងៃពុធនេះ ដូចជាលេងជាមួយជម្រើសជាតិអញ្ចឹង ។ ដូច្នេះការរៀបចំរបស់យើង ត្រូវរៀបចំឲ្យបានល្អមែនទែន»។

«យើងសង្កេតឃើញការប្រៀបផ្ទឹម គឺប្រហាក់ប្រហែលគ្នា តែបឹងកេតបច្ចុប្បន្នមានកីឡាករមួយចំនួនមានវ័យកាន់តែចាស់ ហើយខាងវិសាខា សម្បូរកីឡាករក្មេងៗ ។ តែសំខាន់ខ្ញុំគិតថា កីឡាករវ័យចាស់របស់ខ្ញុំមួយចំនួន អាចនឹងបំពេញតួនាទីបានល្អ ដើម្បីមានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ប៉ុន្ដែលទ្ធផលយ៉ាងម៉េច យើងមិនអាចទាយមុនបានទេ យើងចាំមើលដល់ថ្ងៃប្រកួតបានដឹងយ៉ាងម៉េច»។ លោក ហៅ សុជាតិ បន្ថែម ។

គួរបញ្ជាក់ថា បឹងកេត និងវិសាខា នឹងត្រូវជួបគ្នា នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ខានស្អែក នៅលើទីលានពហុកីឡដ្ឋានជាតិ។ ប៉ុន្ដែចាប់ផ្ដើមការប្រកួតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំសន្និសីទមួយ នៅរសៀលថ្ងៃច័ន្ទនេះ ដោយមានការចូលរួមពីគ្រូបង្វឹក និងប្រធានក្រុមទាំងពីរ ដើម្បីបង្ហាញពីការត្រៀមការប្រកួតរៀងៗខ្លួន។

រីឯប្រកួតទៀត គឺក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន នាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី១៩ ខែកញ្ញា ក្នុងម៉ោងដដែល នៅពហុកីឡដ្ឋានជាតិតែមួយគត់ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់