Conor Nestor ជុំវិញជ័យជម្នះលើយុវជនបាទីកាន់តែកៀកទៅលើកពាន និងទម្រង់លេងរបស់ Privat

មាស សុផាណារ៉ុង September 16, 2019


 

ស្វាយរៀង៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមយុវជនអាយុក្រោម ១៨ឆ្នាំបាទី នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយលទ្ធផល ៧ទល់០ និងបន្ថែម ៣ពិន្ទុដ៏មានសារៈសំខាន់ និងជំរុញឱ្យពួកគេឈានមួយជំហានទៀតដើម្បីឆ្ពោះទៅកាន់ការគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលនេះ។

នៅក្នុងការប្រកួតកីឡាករ Mbarga Privat បានរកគ្រាប់បាល់ ៥គ្រាប់ម្នាក់ឯង និង ២គ្រាប់ផ្សេងទៀតរកបាន ដោយកីឡាករ ត្រាយ វិចិត្រ បានជួយឲ្យក្រុមរបស់ លោក Conor Nestor បំបាក់ក្រុមភ្ញៀវ ៧ទល់០ និងជួយឲ្យក្រុមមាន ៨ពិន្ទុ នាំមុខក្រុមលេខ២ វិសាខា ខណៈដែកការប្រកួតដែលនៅសល់ ៤ប្រកួតទៀត។

គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះក៏បានកោតសរសើរដល់ Privat ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមចាប់តាំងពីចូលរួមជាមួយក្លឹបនៅរដូវកាលនេះ ដោយខ្សែប្រយុទ្ធសញ្ជាតិកាមេរូនរូបនេះ បានរកគ្រាប់បាល់ទាត់បញ្ចូលទីសំខាន់ៗជាច្រើនក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្រុមស្វាយរៀង។

លោក Conor Nestor បានប្រាប់ camsports.org ថា៖ «វាជាការបង្ហាញទម្រង់លេងមួយដ៏ល្អមួយ បើទោះបីជាយើងគ្មានកីឡាករសំខាន់ ៤នាក់ ដែលជាធម្មតាតែងតែមានមុខប្រកួតជាមួយក្រុម រួមមាន Campbell, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង សុខ សំណាង។ ខ្ញុំគិតថាការបង្ហាញរបស់ពួកគេ ពិតជាមានលក្ខណៈអាជីពណាស់។ យើងពិតជាលេងបានល្អសម្រាប់ការប្រកួតនេះ ប៉ុន្តែយើងក៏មានពេលខ្លះ ដែលយើងមិនបានលេងនៅក្នុងកម្រិតដែលយើងចង់បានផងដែរ។ នេះវាអាចកើតឡើងបន្ទាប់ពីការវិលត្រលប់នៃការប្រកួតរបស់ក្រុមជម្រើសជាតិ។»

និយាយចំពោះការឈ្នះជើងឯក លោកបានបន្តថា៖ «និយាយតាមលក្ខណៈគណិតវិទ្យា យើងដឹងថាជ័យជម្នះនៅថ្ងៃអាទិត្យ គឺជាការឈ្នះជើងឯក ប៉ុន្តែដំបូងយើងត្រូវផ្តោតលើការប្រកួតជាមួយ ភ្នំពេញក្រោន ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន សិន។ វាជាជ័យជម្នះដ៏ធំមួយ ប៉ុន្តែយើងមានគុណសម្បត្តិក្នុងការលេងប្រព័ន្ធរបស់យើង ដែលនាំឲ្យក្រុមនេះទទួលបានលទ្ធផល ឈ្នះ២៥ និងស្មើ៤ ចាប់តាំងពីយើងចាញ់ការប្រកួតចុងក្រោយ កាលពីរដូវកាល២០១៨។»

ដោយឡែកជុំវិញការបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្សែប្រយុទ្ធ Privat ដែលតែងតែរកគ្រាប់បាល់ឲ្យក្រុម លោក Conor Nestor បានបញ្ជាក់ថា៖ «Privat បានធ្វើឱ្យមានភាពខុសប្លែកយ៉ាងខ្លាំងចំពោះក្រុមនេះ។ យើងបានក្លាយជាក្រុមដែលល្អជាងមុន ក៏ព្រោះតែគាត់ ប៉ុន្តែគាត់ក៏ជាកីឡាករដែលពូកែដោយសារមិត្តរួមក្រុមរបស់គាត់។ និយាយក្នុងនាមជាអ្នកគាំទ្រមិនមែនគ្រូបង្វឹករបស់គាត់ទេ ខ្ញុំចូលចិត្តមើលការលេងរបស់គាត់។ នោះគឺជាអ្វីដែលបាល់ទាត់កើតឡើង ហើយវាទាក់ទងនឹងការកម្សាន្ត។»

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង ដោយមាន ៥៨ពិន្ទុក្នុងដៃ ដាច់ក្រុមលេខ២ វិសាខា ៨ពិន្ទុ ស្របពេលដែលការប្រកួតនៅសល់ ៤ប្រកួតទៀត ហើយព្រះខ័នរាជស្វាយរៀង ត្រូវការតែឈ្នះ១ និងស្មើ១ ប្រកួតទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ក្រោយខនខានតាំងពីឆ្នាំ២០១៣៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់