អ៊ុំ សេរីរ័ត្ន ប៉ងហាត់ជាមួយ Honda ក្រោយត្រឡប់ចូលទីលានវិញ

មាស សុផាណារ៉ុង September 16, 2019


 

ភ្នំពេញ៖ អ្នកចាំទីក្រសួងការពារជាតិ អ៊ុំ សេរីរ័ត្ន បានត្រឡប់ចូលទីលានវិញហើយ ក្រោយសម្រាកព្យាបាលរបួសជាង ១១ខែ។ ទន្ទឹមជាមួយគ្នា គេក៏បានប្ដេជ្ញាចិត្តបង្កើនការខំប្រឹងហ្វឹកហាត់ ដើម្បីស្វែងរកកៅអីក្រុមជម្រើសជាតិជាថ្មី ពិសេសសម្រេចស្រម៉ៃហ្វឹកហាត់ជាមួយលោក Keisuke Honda អ្នកចាត់ការទៅក្រុមគោព្រៃកម្ពុជាតែម្ដង។

ការលើកឡើងនេះ ស្របពេល អ៊ុំ សេរីរ័ត្ន បានបង្ហាញខ្លួនដំបូង ក្រោយជាពីរបួស ក្នុងជំនួបរវាងក្រសួងការពារជាតិ និងវិសាខា កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈចាញ់ក្រុមម្ចាស់ផ្ទះ ៣-០ ក្នុងសប្ដាហ៍ទី២២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។ សេរីរ័ត្ន ថា ការបង្ហាញខ្លួនដំបូង ខ្លួននៅមានអារម្មណ៍ស្រៀវៗ តែគេនឹងព្យាយាមដើម្បីត្រឡប់ទៅដូចដើម ពិសេសដើម្បីប្រជែងកៅអីជម្រើសជាតិ។

អ្នកចាំទីវ័យ ២៣ឆ្នាំរូបនេះ និយាយថា៖ «សម្រាប់កៅអីជម្រើសជាតិ រឿងនេះមួយ ខ្ញុំតែងតែស្រម៉ៃ និងខំប្រឹង ដើម្បីកៅអីជម្រើសជាតិ ព្រោះអីខ្ញុំចង់បង្ហាញខ្លួនជាមួយលោកគ្រូបង្វឹកថ្មី លោក Honda គឺខ្ញុំចង់មានឈ្មោះជាមួយគាត់ ដែលជាក្ដីស្រម៉ៃខ្ញុំ គឺខ្ញុំប៉ងប៉ុណ្ណឹង។»

សេរីរ័ត្ន បន្ដថា៖ «សម្រាប់ការប្រជែង (កៅអីជម្រើសជាតិ) មិនសូវប៉ុន្មានទេ ព្រោះអីតែយើងបានលេង ទម្រង់លេងយើងមកវិញ បូករួមនឹងការយល់លើទីលាន គឺយើងអាច មិនពិបាកប៉ុន្មានទេ សម្រាប់ខ្ញុំ។» 

យ៉ាងណាមិញ បន្ទាប់ពីបង្ហាញខ្លួនពេញម៉ោង ក្នុងជំនួបទល់នឹងវិសាខា កាលពីល្ងាចថ្ងៃសៅរ៍ អតីតសមាជិកក្រុមគោព្រៃ បានបញ្ជាក់ថា ខ្លួនមិនទាន់ធ្វើបានល្អនោះទេ ដ្បិត។ គេនិយាយថា៖ «ការប្រកួតដំបូងនេះ ដោយសារខ្ញុំខានប្រកួតយូរ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ស្រៀវៗ ហើយរបួសក៏មិនទាន់ ១០០% ដែរ…។ ប៉ុន្ដែចំពោះខ្ញុំយ៉ាយូរ ២ខែអីទៀត ខ្ញុំអាចត្រឡប់ទៅរកទម្រង់លេងដើម និងការប្រកួតខ្លាំងដូចមុន ព្រោះឥលូវខ្ញុំកំពុងខំប្រឹងហាត់ និង GYM ខ្លាំង។»

សូមបញ្ជាក់ថា អ៊ុំ សេរីរ័ត្ន បានរងរបួសជង្គង់ តាំងពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៨ អំឡុងពេលហ្វឹកហាត់ជាមួយក្លឹប បន្ទាប់មកបានធ្វើការវះកាត់នៅពាក់កណ្ដាលខែតុលា ដែលរហូតមកទល់ពេលនេះ គឺមានរយៈពេលជាង ១១ខែហើយ ។ ប៉ុន្ដែមុនគេរបួស ប្អូនប្រុសរបស់អ្នកចាំទី អ៊ុំ វិចិត្រ រូបនេះ តែងត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិមិនសូវបាត់មុខនោះទេ ទើបតែពេលរបួសប៉ុណ្ណោះ ដែលគេត្រូវខកខាន៕

 

អត្ថបទ៖ បុត្រា

មតិយោបល់