សៀង ចន្ធា និង អ៊ាន ពិសី ជួយក្រុម U-18 Vengalta Sendai ឈ្នះក្រុម SU ៤-២

មាស សុផាណារ៉ុង September 16, 2019


 

ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ជាមួយក្លឹប Vengalta Sendai នៃលីគកំពូលជប៉ុន កីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវបានផ្ដល់ឱកាសឲ្យបង្ហាញសមត្ថភាពក្នុងជំនួបមិត្តភាពរវាងក្រុម U-18 Vengalta Sendai និងក្រុម Sendai University (SU) កាលពីម្សិលមិញ ពិសេស កីឡាករ សៀង ចន្ធា និង អ៊ាន ពិសី បានរួមចំណែកជួយក្រុមទទួលបានជ័យជម្នះ ៤-២ ជាមួយការរកបានម្នាក់ ១គ្រាប់ទៀតផង។

តាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នេះគឺជាការប្រកួតដកស្រង់បច្ចេកទេសដំបូង បន្ទាប់ពីយុវជនសាលាបាល់ទាត់ជាតិបាទី ៣រូប បានចូលរួមកម្មវិធីខាងលើ។

ការប្រកួតនេះ ដឹកនាំផ្ទាល់ដោយអតីតគ្រូ នៅសាលាបាល់ទាត់ជាតិបាទីដំបូងគេ គឺលោក Yusuke IKI ។ មិនតែប៉ុណ្ណោះ កីឡាករកម្ពុជា ក៏ធ្វើបានយ៉ាងល្អ រហូតអាចទាត់បំប៉ោងសំណាញ់ទី ១គ្រាប់ម្នាក់ ដើម្បីជួយក្រុម U-18 Vengalta Sendai យកឈ្នះក្រុម Sendai University ៤-២។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលក្លឹប Vengalta Sendai បានអញ្ជើញយុវជនថ្នាលសាលាបាល់ទាត់ជាតិបាទី ចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍របស់ខ្លួន ក្រោយមានការសម្របសម្រួលពីលោក Yusuke IKI។ កម្មវិធីនេះមានរយៈជាងកន្លះខែ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

កីឡាករទាំង ៣នាក់ នឹងចូលរួមវគ្គហ្វឹកហាត់ ក៏ដូចជាចូលរួមជាមួយយុវជន Vegalta Sendai ដើម្បីធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ។ លើសពីនេះទៅទៀតយុវជនទាំង ៣រូបក៏ត្រូវបានផ្តល់ឱកាសឲ្យសង្កេតមើលការហ្វឹកហាត់ របស់ក្រុមធំនៃក្លឹប Vegalta Sendai ដែលជាសមាជិកនៃលីគកំពូលជប៉ុនផងដែរ និងចូលរួមទស្សនាការប្រកួតលីគកំពូលជប៉ុន ( J-League 1 ) ក៏ដូចជាផ្លាស់បទពិសោធន៍វប្បធម៌ជប៉ុន នៅក្រៅទីលានថែមទៀតផង។

ដោយឡែកគ្រូបង្វឹក ដែលអមដំណើរកីឡាករក៏ត្រូវបានផ្តល់ឱកាសដើម្បីចូលរួមជាមួយសាលាបាល់ទាត់ ដែលរៀបចំឡើងដោយក្លឹប Vegalta Sendai ដូចគ្នា ក្នុងអំឡុងពេលស្នាក់នៅ និងចំណាយពេលនៅទីក្រុង Sendai នេះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់