U-16 កម្ពុជា ចេញទៅប្រកួតវគ្គជម្រុះយុវជនអាស៊ី «AFC U16 Championship» នៅឡាវ ល្ងាចនេះ

មាស សុផាណារ៉ុង September 16, 2019


 

 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ នឹងចាកចេញពីមាតុប្រទេសដើម្បីធ្វើទៅកាន់ប្រទេសឡាវ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងន័យចូលរួមប្រកួតពានយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers )។

តាមការបញ្ជាក់ដោយមន្ត្រីសារព័ត៌មានប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាសមាសភាពក្រុមទាំងមូល ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Inoue Kazunori នឹងចាកចេញពីមាតុប្រទេសនៅវេលាម៉ោង ៥:៤៥ នាទីល្ងាច តាមជើងហោះហើរលេខ VN920 ហើយគ្រោងនឹងទៅដល់ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅវេលាម៉ោង ៧យប់ថ្ងៃដដែល។

នេះជាការចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers ) ដែលនឹងធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសឡាវ ដោយបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះពូល J ជាមួយ ម៉ាឡេស៊ី, ជប៉ុន និងឡាវ ផ្ទាល់តែម្ដង។

ការចេញទៅប្រកួតនេះ ចាត់ទុកថាជាលើកទី២ ផងដែរ សម្រាប់ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ក្នុងការប្រកួតពានផ្លូវការ ដ្បិតក្រុមនេះបានចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ប្រចាំពូល B ប្រកួត ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ មាន ១ពិន្ទុ កាលពីចុងខែកក្កដា ហើយនិងពានរង្វាន់ក្រៅផ្លូវការថ្មីៗនេះ នៅប្រទេសចិន «Jinshan Cup» International Youth Football Championship 2019 ដោយទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៨ក្រុម ផងដែរ។

រឹតតែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ ក្រុមនេះភាគច្រើនជាយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម​ ១៥ឆ្នាំ ដែលសហព័ន្ធទើបតែសម្រិតសម្រាំងបាន កាលពីដើមខែមីនា ជាមួយនឹងការធ្វើតេស្តសមត្ថភាពរយៈពេល ៣ថ្ងៃ ក្រោមការសង្កេត និងជ្រើសរើសដោយផ្ទាល់ពី លោក Inoue Kazunori និងខ្លះទៀតបូករួមជាមួយយុវជនពីក្លឹបអាជីពនៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន និងវិសាខា ដែលសុទ្ធតែត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងវគ្គនេះ គឺជាវគ្គជម្រុះ ដោយយកតែក្រុមលេខ១ បូករួមជាមួយក្រុមលេខ ២ល្អ ចំនួន៥ ប៉ុណ្ណោះទើបអាចកក់កៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២០ ធ្វើឡើងនៅប្រទេសសិង្ហបុរី៕

 

រូបភាព៖ Asian Football Confederation

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់