U-16 កម្ពុជា បង្ហាញបញ្ជីឈ្មោះ ២៣នាក់ចុងក្រោយ ត្រៀមទៅប្រកួតវគ្គជម្រុះយុវជនអាស៊ី នៅឡាវ

មាស សុផាណារ៉ុង September 14, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានបង្ហាញបញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម១៦ឆ្នាំ ចំនួន ២៣រូបជាផ្លូវការចុងក្រោយ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers ) ប្រចាំពូល J នៅប្រទេសឡាវ នាពាក់កណ្ដាលខែកញ្ញានេះ។

ក្រុមនេះត្រូវបានដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Inuoe Kazunori ខណៈយោងតាមលិខិតដែលសហព័ន្ធបានជូនដំណឹងដល់ក្លឹប ភាគច្រើនមកពីយុវជនសាលាបាល់ទាត់ជាតិបាទី, វិសាខា និង ភ្នំពេញក្រោន។

គួរដឹងថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers ) នឹងធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសឡាវ ដែលជាម្ចាស់ផ្ទះពូល J ជាមួយ ឡាវ, ម៉ាឡេស៊ី និងជប៉ុន។

សម្រាប់ការប្រកួតក្នុងវគ្គនេះ គឺជាវគ្គជម្រុះ ដោយយកតែក្រុមលេខ១ បូករួមជាមួយក្រុមលេខ ២ល្អ ចំនួន៥ ប៉ុណ្ណោះទើបអាចកក់កៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២០ ធ្វើឡើងនៅប្រទេសសិង្ហបុរី។

មុនប្រកួតក្នុងពានដដែលនេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បានត្រៀមបានយ៉ាងល្អ ដោយបានប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ប្រចាំពូល B ប្រកួត ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ មាន ១ពិន្ទុ និងបានប្រកូតក្នុងពានអន្តរជាតិនៅប្រទេសចិន «Jinshan Cup» International Youth Football Championship 2019 ដោយទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៨ក្រុម ផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៦ឆ្នាំ គឺធ្វើឡើងជារៀងរាល់ ២ឆ្នាំ ខណៈកាលពីឆ្នាំ ២០១៨កន្លងទៅ ពានដដែលនេះ ក្រុមជើងឯកគឺបានទៅលើ U-16 ជប៉ុន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់