អ្នកចាត់ការបឹងកេត លោក បែ មករា៖ «ចាន់ វឌ្ឍនាកា នៅតែមានបំណងចង់លេងឲ្យជម្រើសជាតិកម្ពុជា»

មាស សុផាណារ៉ុង September 14, 2019


 

ភ្នំពេញ៖ អ្នកចាត់ការទូទៅក្លឹបបាល់ទាត់បឹងកេត លោក បែ មករា បានអះអាងថាខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅតែបើកចិត្តចង់ចូលរួមក្រុមជម្រើសជាតិកម្ពុជា ប្រសិនបើរូបគេទទួលបានការកោះហៅ។

ខ្សែប្រយុទ្ធបឹងកេតរូបនេះត្រូវបានខកខានកោះហៅចូលក្រុមជម្រើសជាតិ ២លើករួចមកហើយ ក្នុងកំឡុងវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ដែលពេលនោះឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ៤-១ ( លទ្ធផលសរុប ២ជើង ) ហើយបានបន្តខកខាន ការប្រកួត ២លើកដំបូងរបស់ជម្រើសជាតិកម្ពុជា ក្នុងពូល C វគ្គជម្រុះដដែលនេះនៅជុំទី២ ខណៈដែលកម្ពុជា ស្មើ ១ទល់១ ជាមួយហុងកុង និងចាញ់ ០ទល់១ ជាមួយបារ៉ែន។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ធ្លាប់បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន មុនទទួលហុងកុង ថាលោកបានជ្រើសរើសតែកីឡាករដែលមានបំណងចង់លេងឲ្យក្រុមប៉ុណ្ណោះ ដែលបានលើកឡើងពីការសង្ស័យទៅលើការប្តេជ្ញាចិត្តរបស់ ចាន់ វឌ្ឍនាកា ក្នុងការលេងឲ្យជម្រើសជាតិកម្ពុជា។

ទោះយ៉ាងណា លោក បែ មករា បានបញ្ជាក់យ៉ាងច្បាស់ថា ចាន់ វឌ្ឍនាកា នៅតែប្តេជ្ញាចិត្តចំពោះ លោក Felix Dalmas ប្រសិនបើគាត់ត្រូវការ ចាន់ វឌ្ឍានាកា។ លោក បែ មករា បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំគិតថាកីឡាករគ្រប់រូបមានបំណងចង់លេងឲ្យក្រុមជម្រើសជាតិ ដូច្នេះខ្ញុំគិតថាប្រសិនបើ ចាន់ វឌ្ឍនាកា ទទួលបានការហៅចូលក្រុមជម្រើសជាតិ ខ្ញុំគិតថាគាត់នឹងចូលរួម។»

អ្នកចាត់ការទូទៅដដែលរូបនេះបានបន្តថា៖ «វាពិបាកនិយាយណាស់ ថាតើវាជាការខាតបង់ដ៏ធំមួយសម្រាប់កម្ពុជា ដែលមិនមានវត្តមាន ចាន់ វឌ្ឍនាកា ឬយ៉ាងណា។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា គាត់គឺជាខ្សែប្រយុទ្ធដែលមានគុណភាព ហើយនៅពេលនេះគ្មានខ្សែប្រយុទ្ធណាល្អជាងគាត់ទេ។ ប៉ុន្តែវាអាស្រ័យលើយុទ្ធសាស្ត្ររបស់គ្រូបង្វឹក ដូច្នេះខ្ញុំមិនដឹងថាវាជាការខាតបង់ធំមួយសម្រាប់កម្ពុជាទេ ប៉ុន្តែប្រសិនបើគាត់ចូលរួមជាមួយក្រុមជម្រើសជាតិ គាត់នឹងផ្តល់ជម្រើសបន្ថែមទៀតនៅតំបន់ប្រយុទ្ធសម្រាប់ក្រុម។ មានគាត់នៅក្នុងក្រុម អាចធ្វើឲ្យគ្រូបង្វឹកមានភាពងាយស្រួលក្នុងការជ្រើសរើសខ្សែប្រយុទ្ធ។»

និយាយពីបញ្ហារបួស លោក បែ មករា បញ្ជាក់យ៉ាងដូច្នេះ៖ «គាត់មានរបួស ហើយវាអាចប៉ះពាល់ដល់ទម្រង់លេងរបស់គាត់។ ទោះយ៉ាងណាក៏ដោយ ក៏គាត់នៅតែអាចបញ្ចប់ទីបានយ៉ាងល្អ ព្រោះគាត់បានរកគ្រាប់បាល់ស្ទើរតែគ្រប់ការប្រកួតដែលគាត់លេង។ ឥឡូវនេះ គាត់មិនទាន់រួចរាល់ ១០០ភាគរយនៅឡើយទេ។»

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់