អ្នកចាត់ការក្រុមទ័ព បង្ហាញក្ដីកង្វល់ និងសង្ឃឹមឈ្នះតិចបំផុត ប៉ះវិសាខាល្ងាចនេះ

មាស សុផាណារ៉ុង September 14, 2019


 

ភ្នំពេញ៖ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ (ទ័ព) ហាក់គ្មានសង្ឃឹមក្នុងការយកឈ្នះវិសាខា ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នាល្ងាចនេះឡើយ បន្ទាប់ពីលោកបានបង្ហាញក្ដីកង្វល់មួយចំនួនរបស់ក្រុមខ្លួន ដែលហាក់ចាញ់ប្រៀបក្រុមម្ចាស់ផ្ទះ បើទោះបីកាលពីជើងទី១ ក្រសួងការពារជាតិ បានយកឈ្នះក្រុមវិសាខា ១-០ ក្នុងដីយ៉ាងណាក៏ដោយ។

អ្នកចាត់ការក្រុមដដែលថា៖ «ការរៀបចំរបស់គេ (វិសាខា) គេផ្លាស់ប្ដូរគ្រូ និងពង្រឹងកីឡាករបានខ្លាំង។ ឯយើងធ្លាក់ទម្រង់លេង ចំណុចទី១-កីឡាករយើងរបួសច្រើន។ ចំណុចទី២-យើងឲ្យកីឡាករបរទេសខ្លះសម្រាក ចឹងល្ងាចនេះ យើងប្រើកីឡាករខ្មែរច្រើន បរទេសយ៉ាងច្រើន ២នាក់ទេ។ ចឹងបញ្ហាប្រឈមជាមួយវិសាខា យើងចង់ឈ្នះគេ ភាគរយតិចណាស់ យើងមានរៀបចំរបៀបការពារធ្វើម៉េចកុំឲ្យគេស៊ីច្រើនប៉ុណ្ណោះ។»

គេនៅចាំបានថា កាលពីជើងទី១ ដែលប្រកួតលើទឹកដីក្រសួងការពារជាតិ ក្រុមភ្ញៀវវិសាខា បានដាក់សម្ពាធខ្លាំងលើក្រុមម្ចាស់ផ្ទះ តែគ្មានសំណាញបានពិន្ទុត្រឡប់មកផ្ទះវិញឡើយ បន្ទាប់ពីចាញ់យុទ្ធសាស្ដ្រការពារ និងវាយបករបស់ក្រុមលោក ទេព ឡុងរចនា ក្នុងលទ្ធផល ១-០។ ដូច្នេះចាំមើលល្ងាចនេះ ការប្រើយុទ្ធសាស្ដ្រដដែល ដើម្បីតតាំងជាមួយម្ចាស់ផ្ទះវិសាខា តើមានប្រសិទ្ធភាពទៀត ឬវិសាខា អាចសងសឹកបានវិញ?

គួរបញ្ជាក់ថា ការប្រកួតនេះ នឹងធ្វើនៅកីឡដ្ឋានវិសាខា ដោយចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាច ។ ប៉ុន្ដែមុនឈានដល់ការប្រកួតសងសឹករវាងក្រុមទាំងពីរ ក៏មាន ២គូផ្សេងទៀត ចាប់ផ្ដើមក្នុងម៉ោង ៣៖៣០នាទីរសៀលដំណាលគ្នា រវាងក្រុមនគរបាលជាតិ ជាមួយអង្គរថាយហ្គឺរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា និងក្រុមសូលទីឡូអង្គរ បើកទ្វារកីឡដ្ឋានខេត្តសៀមរាប ទទួលក្រុមអគ្គិសនីកម្ពុជា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់