គួច ដានី បានដាក់គោលដៅយកចំណាត់ថ្នាក់លេខ២ ក្នុងលីគកំពូលកម្ពុជា ដ្បិតឱកាសប្រជែងហាក់ស្ដួចស្ដើង

មាស សុផាណារ៉ុង September 13, 2019


 

ភ្នំពេញ៖ ខ្សែបម្រើកណ្ដាល គួច ដានី បានដាក់គោលដៅយកចំណាត់ថ្នាក់លេខ២ ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ ព្រោះឱកាសរបស់ណាហ្គាវើលដ៍ ក្នុងការការពារតំណែងជើងឯកស្ទើរតែមិនអាចទៅរួច បន្ទាប់ពីតាមពីក្រោយក្រុមកំពូលតារាងលីគព្រះខ័នរាជស្វាយរៀង ដល់ទៅ ១១ពិន្ទុ ជាមួយនឹងការប្រកួត ៥ប្រកួតទៀតដែលនៅសេសសល់។

ខ្សែបម្រើទើបតែត្រលប់មកហ្វឹកហាត់ជាមួយក្រុមណាហ្គាវើលដ៍ មុនការប្រកួតនៅថ្ងៃអាទិត្យនេះ ជាមួយខេត្ដកំពង់ចាម បន្ទាប់ពីមានកាតព្វកិច្ចជាមួយកម្ពុជាអំឡុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ជុំទី២។ ពានរង្វាន់លីគកំពូលកម្ពុជា នឹងវិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះបន្ទាប់ពីការប្រកួតរបស់ក្រុមជម្រើសជាតិ ដោយក្រុមម្ចាស់ជើងឯក ត្រូវជួបជាមួយក្រុមបាល់ទាត់ខេត្តកំពង់ចាម ដែលបានរបូតគ្រាប់បាល់ច្រើនជាង ១០គ្រាប់ ពេលប្រកួតជាមួយណាហ្គាវើល ក្នុងជុំទី១ នៃរដូវកាលនេះ។

កីឡាករវ័យ ២៨ឆ្នាំដែលបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិកម្ពុជា ក្នុងកំឡុងពេលស្មើ ១ទល់១ ជាមួយហុងកុង ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ជុំទី២ គឺរួចរាល់សម្រាប់ការប្រកួតជាមួយកំពង់ចាម ប្រសិនបើគ្រូបង្វឹកណាហ្គាវើល លោក មាស ចាន់ណា ត្រូវការរូបគេ។

ទោះបីឱកាស ណាហ្គាវើលដ៍ ទទួលបានជើងឯកលីគ ជាលើកទី២ ជាប់ៗគ្នា របស់ខ្លួនក្នុងរយៈពេល ២រដូវជាប់ៗគ្នាក៏ដោយ ក៏បុរសខ្មែរកាត់បារាំង ជឿជាក់ថាក្រុមរបស់ខ្លួននឹងលេងដើម្បីទទួលបានពិន្ទុអតិបរមាពីការប្រកួត ៥លីកចុងក្រោយដែលនៅសល់។

គួច ដានី បានប្រាប់គេហទំព័រ camsports.org ថា៖ «ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ នៅរដូវកាលនេះពិត ជាមានការលំបាកខ្លាំងណាស់សម្រាប់ណាហ្គាវើលដ៍ ដូច្នេះយើងនឹងព្យាយាមដើម្បីចំណាត់ថ្នាក់លេខ២។ វាមិនមែនជាសម្ពាធសម្រាប់យើងទេ យើងនឹងលេង ១០០ភាគរយ ដើម្បីទទួលបានពិន្ទុច្រើនបំផុតតាមដែលអាចធ្វើទៅបាន ហើយប្រសិនបើព្រះខ័នរាជស្វាយរៀង បាត់បង់ពិន្ទុខ្លះយើងនឹងព្យាយាមតាមពួកគេ។ យើងនៅតែសង្ឃឹមថានឹងក្លាយជាម្ចាស់ជើងឯកហើយយើងនៅតែហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់រឿងនេះ។ យើងមិនបោះបង់ចោលទេ។ អំឡុងពេលបោះជំរុំជាមួយក្រុមជម្រើសជាតិកម្ពុជា ខ្ញុំបានហ្វឹកហាត់តែម្នាក់ឯងនៅពេលព្រឹក និងជាមួយក្រុមនៅពេលរសៀល ដូច្នេះខ្ញុំរួចរាល់នឹងជួយក្លឹបរបស់ខ្ញុំនៅចុងសប្តាហ៍នេះ។»

ជុំវិញការប្រកួតជាមួយ កំពង់ចាម ដានី បានសម្ដែងក្ដីសង្ឃឹមថា៖ «ខ្ញុំគិតថា យើងនឹងយកឈ្នះខេត្តកំពង់ចាមម្តងទៀត ប៉ុន្តែមិនមានគ្រាប់បាល់ច្រើនដូចការប្រកួតលើកទី១ នោះទេ ពីព្រោះពួកគេមានកីឡាករល្អថ្មីៗ។»

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់