CNCC សហការជាមួយ AIA នាំគ្រូបង្វឹកពី Spur បណ្ដុះបណ្ដាលគ្រូបង្វឹកនៅលីគកំពូលកម្ពុជា ជាលើកទី៣

មាស សុផាណារ៉ុង September 13, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA សហការជាមួយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ដើម្បីបន្ត «វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» ដែលជាជំហានទី៣។

វគ្គនេះមានគ្រូបង្វឹកមកពីក្លឹបបាល់ទាត់លំដាប់កំពូលរបស់អង់គ្លេស Tottenham Hotspur ២រូប គឺលោក Anton Blackwood និងលោក Shaun Harris ជាមួយនឹងការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្ពុជា ជាង ៥០នាក់ មកពីក្លឹបនានាក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ តាមការឲ្យដឹង នេះគឺជាវគ្គទី៣ ក្នុងចំណោមវគ្គទាំង៤ ដែលត្រូវបានត្រៀមរៀបចំសម្រាប់ឆ្នាំ២០១៩នេះ ហើយវគ្គនេះផងដែរ ផ្តោតលើការអភិវឌ្ឍវិធីសាស្រ្តបណ្តុះបណ្តាល ដែលស្របទៅនឹងទស្សនៈវិស័យរបស់ Spurs ដែលគេស្គាល់ថាជាយុទ្ធសាស្ត្រមុំទាំងបួន។

ដោយបាន​លើកឡើងពីយុទ្ធសាស្ត្រមុំទាំងបួននេះ គ្រូបង្វឹករបស់ Spurs លោក Anton Blackwood បានមាន​ប្រសាសន៍ថា៖ «ដំណាក់កាលទីបី នៃកម្មវិធីបណ្តុះបណ្តាលរបស់យើង នឹងផ្តោតលើការចែករំលែកទស្សនៈវិស័យនៃក្លិប Tottenham Hotspur ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍបាល់ទាត់ទាំងបួនជ្រុងដូចជា យុទ្ធសាស្ត្រ បច្ចេកទេស ចិត្តសាស្ត្រ និងសង្គមសាស្ត្រ ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀតរបស់គ្រូបង្វឹកក្នុងការអភិវឌ្ឍយុវជន»។

លោកស្រី Pauline Teoh នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «កម្មវិធីបណ្តុះបណ្តាលបាល់ទាត់នេះដំណើរការពេញមួយឆ្នាំ។ តាមរយៈការជំរុញទឹកចិត្ត និងការជួយបណ្តុះជំនាញយុវជននៅក្នុងប្រទេស អេ អាយ អេ ខេមបូឌា បាន​បង្ហាញជាសាធារណៈ និងបាន​បំពេញនូវការប្តេជ្ញារបស់យើងក្នុងការជួយប្រជាជននៅទីនេះឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ យើងរំពឹងថាកិច្ចផ្តួចផ្តើមនេះ អាចអភិវឌ្ឍគុណភាពនៃការបណ្តុះបណ្តាលបាល់ទាត់មូលដ្ឋាននៅកម្ពុជា និងលើកកំពស់ចំណាប់អារម្មណ៍ និងការចូលរួមក្នុងវិស័យបាល់ទាត់ជាពិសេសសម្រាប់កុមារ និងយុវវ័យ។»

គួរដឹងដែរថា កម្មវិធីបានចាប់ផ្ដើមជំហានដំបូងរបស់ខ្លួនកាលពីខែកុម្ភៈ និងលើកនេះជាវគ្គទី៣ នៅក្នុងខែកញ្ញា ហើយវគ្គចុងក្រោយគឺនៅចុងឆ្នាំនេះ ដោយផ្តោតលើវិធីសាស្រ្តក្នុងការជួយឲ្យគ្រូបង្វឹកទាំងអស់អាចផ្សារភ្ជាប់វិធីសាស្រ្តដែលគាត់ទទួលបាន ដើម្បីធានាថាពួកគាត់អាចអនុវត្តកម្មវិធីបណ្តុះបណ្តាលពិស្តារ ដែលមានរចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយសម្រាប់ក្រុមយុវជនកម្ពុជានាពេលអនាគត៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់