លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញកត្តាចំបងៗដើម្បីក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពពិតប្រាកដ

មាស សុផាណារ៉ុង September 13, 2019


 

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា កាលពីពេលថ្មីៗនេះ បានអះអាងថាកីឡាករបាល់ទាត់អាជីព ត្រូវមានការយកចិត្តទុកដាក់លើកត្តា និងគោលការណ៍មួយចំនួនដើម្បីកែលម្អខ្លួនឯង និងរក្សាខ្លួនសម្រាប់ការប្រកួត។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះជឿជាក់ថា កីឡាករខ្លួនឯង គឺជាកត្តាសំខាន់ក្នុងការទទួលជោគជ័យលើវិស័យបាល់ទាត់ច្រើនជាងគ្រូបង្វឹក មានន័យថាកីឡាករគួរតែយល់ដឹងពីពេលវេលា និងរបៀបហ្វឹកហាត់ ការសម្រាក និងការរបរអាហារ។

បុរសវ័យ ៤៦ឆ្នាំ ដែលបច្ចុប្បន្នកំពុងដឹកនាំក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងបណ្តាញសង្គមដោយបញ្ជាក់ថា កីឡាករក្នុងស្រុកមួយចំនួនរបស់កម្ពុជាមានទំនោរ និងមិនដឹងពីរបៀបប្រើប្រាស់បណ្តាញសង្គម ហើយចំណាយពេលច្រើននៅលើបណ្ដាញសង្គមមួយនេះ។

លោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់គេហទំព័រ camsports.org ថា៖ «គោលការណ៍សំខាន់ និងជាមូលដ្ឋានសម្រាប់កីឡាករ គឺត្រូវហ្វឹកហាត់ខ្លាំង សម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារគ្រប់គ្រាន់។ អ្នកត្រូវហ្វឹកហាត់ ឲ្យ បានខ្លាំងរួមទាំងក្បួនយុទ្ធសាស្ត្រ កលល្បិច និងថាមពល។ កីឡាករត្រូវតែដឹងអំពីរឿងទាំងបីនេះ ដូច្នេះពួកគេមិនត្រូវរង់ចាំការណែនាំពីគ្រូបង្វឹកជានិច្ចនោះទេ។ ពួកគេត្រូវមានការប្តេជ្ញាចិត្តក្នុងការធ្វើវា ដូច្នេះសូម្បីតែពួកគេមិនត្រូវបានបញ្ជាឲ្យធ្វើក៏ដោយ។ ពួកគេត្រូវមានការប្តេជ្ញាចិត្តដើម្បីកែលម្អ។ សម្រាប់កីឡាករអាជីព គឺផ្តោតលើខ្លួនឯងជាជាងគ្រូបង្វឹក។»

«សម្រាប់អាហារវិញ ពួកគេត្រូវញ៉ាំអ្វីដែលអាចផ្តល់ថាមពលដល់ពួកគេ។ កុំបរិភោគនៅពេលដែលចង់ ឬពេលដែលឃ្លាន ប៉ុន្តែត្រូវញ៉ាំនៅពេលអ្នកត្រូវការថាមពលច្រើន។ ក្នុងពេលជាមួយគ្នានេះអ្នកត្រូវសម្រាកឱ្យបានគ្រប់គ្រាន់។» លោក ប្រាក់ សុវណ្ណារ៉ា បន្ថែមលើរបបអាហារ។

ជាមួយគ្នាផងដែរ លោកបានបន្តជុំវិញកត្តាចំនួន ៥ដែលកីឡាករត្រូវតែប្រកាន់ខ្ចាប់ថា៖ «នៅក្នុងបាល់ទាត់យើងនិយាយអំពីកត្តា ៥យ៉ាងរួមមាន យុទ្ធសាស្ត្រ, កលល្បិច, ថាមពល, បញ្ញាស្មារតី និងការសម្រេចចិត្ត ហើយកត្តាទាំង ៥នេះពិតជាសំខាន់ណាស់ដែលកីឡាករទាំងអស់ត្រូវការ។»

«អ្នកមិនអាចផឹកគ្រឿងស្រវឹង ឬដើរលេងជាមួយមិត្តភក្តិ នៅពេលយប់បានទេ មានន័យថាអ្នកត្រូវលះបង់ដើម្បីអាជីពបាល់ទាត់របស់អ្នក។» លោកបន្ថែមពាក់ព័ន្ធជាមួយនឹងគ្រឿងស្រវឹង ឬក៏ការសម្រាកមិនគ្រប់គ្រាន់។

និយាយចំពោះការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម លោកបានសង្កត់ធ្ងន់ថា៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គមដើរតួនាទីយ៉ាងសំខាន់នាពេលបច្ចុប្បន្ននេះ។ អ្នកមិនអាចនិយាយអ្វីគ្រប់យ៉ាងដែលអ្នកចង់បាននៅលើបណ្តាញសង្គមទេ។ នៅក្នុងពិភពបាល់ទាត់ មានរឿងជាច្រើនដែលអ្នកគាំទ្រមិនដឹង ឬគិតថាវាសាមញ្ញ ប៉ុន្តែតាមពិតមិនមែនទេ។»

អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ប្រាក់ សុវណ្ណារ៉ា បានក្លាយជាគ្រូបង្វឹកកម្ពុជា ដំបូងគេដែលទទួលបានសញ្ញាបត្រគ្រូបង្វឹកកម្រិត AFC Pro License ( Professional Football Coaching Diploma ) ដែលជាសញ្ញាបត្រធំជាងគេក្នុងវគ្គសិក្សាគ្រូបង្វឹក។

ជាមួយ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលនៅសេសសល់ ៥ប្រកួតក្នុងលីគកំពូលកម្ពុជា លោកបាននឹងកំពុងដឹកនាំក្រុមនេះឈរនៅលេខ១១ នឹងបានអស់ឱកាសប្រជែងពានផងដែរ ដ្បិតសប្ដាហ៍នេះត្រូវដឹកនាំក្រុមប្រកួតជាមួយ អង្គរថាយហ្គឺរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់