គ្រូវិសាខា រំពឹងកីឡាករត្រលប់ពីក្រុមជម្រើសជាតិ នាំគុណសម្បត្តិច្រើនដល់ក្រុមសម្រាប់ប្រកួតជាមួយទ័ព

មាស សុផាណារ៉ុង September 13, 2019


 

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩ បានត្រលប់មកវិញបន្ទាប់បេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជា ប្រកួតក្នុងវគ្គជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) ជាមួយ​ហុងកុង និង​បារ៉ែន​ ដោយនឹងចាប់ផ្ដើមជាមួយនឹងសប្ដាហ៍ទី២២ ក្នុងនោះគូដ៏គួរឲ្យចាប់អារម្មណ៍ វិសាខា ត្រូវទទួល ក្រសួងការពារជាតិ។

ជាមួយគ្នាផងដែរ វិសាខា មានកីឡាករដល់ទៅ ១០រូបត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ក្នុងនោះ ៦រូបត្រូវបានឈានចូលបញ្ជីឈ្មោះចុងក្រោយ និង ៤នាក់ផ្សេងទៀតមានឈ្មោះក្នុងបញ្ជីបឋម បានហ្វឹកហាត់ ១សប្ដាហ៍ផងដែរជាមួយជម្រើសជាតិឈុតធំ ខណៈការណ៍នេះត្រូវបាន លោក Akeeb Tunji Ayoyinka គ្រូបង្វឹកបណ្ដោះអាសន្នវិសាខា បានសម្ដែងក្ដីរំពឹងថាកីឡាករត្រលប់ពីក្រុមជម្រើសជាតិកម្ពុជា នាំគុណសម្បត្តិច្រើនដល់ក្រុម សម្រាប់ការប្រកួតជាមួយ ក្រសួងការពារជាតិ។

ថ្លែងជាមួយមន្ត្រីសារព័ត៌មានរបស់ក្លិបវិសាខា លោក Akeeb Tunji Ayoyinka  បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រាកដណាស់ យើងពិតជារីករាយចំពោះទម្រង់លេងរបស់ពួកគេជាមួយក្រុមជម្រើសជាតិ ដែលនេះពិតជាផ្ដល់មកយើងនូវគុណសម្បត្តិ ពីព្រោះពួកគេចូលរួមកម្មវិធីហ្វឹកហាត់ជាច្រើនជាមួយជម្រើសជាតិ ដូច្នេះពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែម និងបទពិសោធន៍ អច្ចឹងយើងជឿជាក់នៅពេលដែលពួកគេត្រលប់មកវិញជាមួយពួកយើង ពួកគេនឹងជួយយើង តាមរយៈការពាំនាំបទពិសោធន៍ដើម្បីជួយក្រុមឲ្យទទួលជ័យជម្នះនៅថ្ងៃសៅរ៍នេះ។»

មានយោបល់ជុំវិញការប្រកួតជាមួយ ក្រសួងការពារជាតិ វិញ លោក Akeeb Tunji Ayoyinka កត្តាដែលនាំឲ្យបរាជ័យកាលពីជើងទី១ គឺបណ្ដាលមកបញ្ហាទីលាន ដោយលោកទុកថាក្រសួងការពារជាតិ មានសំណាងជាងដ្បិតគ្រានោះ វិសាខា ធ្វើបានល្អជាង។

បានលើកឡើងថា៖ «យើងបានចាញ់ក្រសួងការពារជាតិកាលពីជើងទី១ ពិតណាស់ការប្រកួតពេលនោះគឺជាសំណាងសម្រាប់ពួកគេ ពីព្រោះយើងបានធ្វើបានល្អជាងពួកគេ ពួកគេពិតជាសំណាងដែលរកគ្រាប់បាល់ត្រឹមតែមួយគ្រាប់ ហើយណាមួយទីលានរបស់គេមិនសូវជាល្អ ដូច្នេះសម្រាប់ពេលនេះ នេះគឺជាទឹកដីរបស់យើង ហើយកីឡាកររួចរាល់សម្រាប់ការប្រកួតនៅក្នុងដី ដើម្បីដណ្ដើមពិន្ទុ ពួកគេត្រៀមរួចរាល់គ្រប់យ៉ាង។»

សូមរំលឹកថា កាលពីជើងទី១ ជំនួបរវាង វិសាខា ទល់នឹង ក្រសួងការពារជាតិ នៅទឹកដីកីឡដ្ឋានស្តាតចាស់ គឺបញ្ចប់ទៅដោយលទ្ធផល វិសាខា ចាញ់ ១ទល់០។ ដោយឡែកការប្រកួតថ្ងៃជើងទី២ រវាងក្រុមទាំងពីរ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វិញ នឹងចាប់ផ្តើមនៅម៉ោង ៦:០០ នាទីល្ងាចនាកីឡដ្ឋានវិសាខា ក្នុងរាជធានីភ្នំពេញ៕

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់