លោក Conor Nestor ពន្យល់ពីសារៈសំខាន់នៃវិន័យក្នុងបាល់ទាត់ ដែលនៅពីក្រោយភាពជោគជ័យរបស់ក្លឹបនៅរដូវកាលនេះ

មាស សុផាណារ៉ុង September 12, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀង បានពន្យល់ពីសារៈសំខាន់នៃវិន័យនៅក្នុងកីឡាបាល់ទាត់ ដែលជាហេតុផលនៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់ក្លឹបលោកនៅរដូវកាលនេះ។

ជាមួយនឹងការប្រកួតលីគចំនួន ៥លើកដែលត្រូវប្រកួត ក្លឹបព្រះខ័នរាជស្វាយរៀង បាននឹងកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា ដោយមាន ៨ ពិន្ទុនាំមុខក្រុមលេខ២ វិសាខា ដែលត្រូវប្រកួតជាមួយ ក្រសួងការពារជាតិ នៅចុងសប្តាហ៍នេះ។

លោក Conor Nestor ក៏បានចង្អុលបង្ហាញថាវាហាក់ដូចជាមានការជាប់ទាក់ទងគ្នារវាងវិន័យ និងភាពជាកីឡាករអាជីព ដែលតម្រូវឲ្យកីឡាករបាល់ទាត់ធ្វើការលះបង់ជាច្រើនដើម្បីទទួលបាន។

បុរសជនជាតិអៀរឡង់វ័យ ៣៥ ឆ្នាំរូបនេះបានប្រាប់គេហទំព័រ camsports.org ថា៖ «វិន័យ គឺជាពាក្យពិសេសណាស់ ព្រោះវាគ្រប់ដណ្ដប់ច្រើន។ ការបរិភោគត្រឹមត្រូវ គឺជាវិន័យ មិនមានការជប់លៀងជាមួយមិត្តភក្តិរបស់អ្នក គឺជាវិន័យ ប្រឹងប្រែងហ្វឹកហាត់បន្ថែមនៅកន្លែងហាត់ប្រាណ ឬលើទីលានហ្វឹកហាត់ ទាំងអស់នេះគឺជាវិន័យ។ នៅចុងបញ្ចប់នៃអាជីពរបស់អ្នក អ្វីដែលអ្នកបានធ្វើនៅក្នុងការប្រកួត វិន័យនឹងមានពាក្យនិយាយច្រើនជាងទេពកោសល្យ។»

«ខ្ញុំគិតថា វាជាសមាសធាតុសំខាន់បំផុតមួយនៃភាពជាកីឡាករអាជីព។ ប្រសិនបើអ្នកខ្វះវិន័យនៅក្នុងជីវិតរបស់អ្នក វាអាចនឹងមិនដាក់ទណ្ឌកម្មអ្នកនៅលើទីលានភ្លាមៗទេ ប៉ុន្តែទីបំផុតជម្រើសនៃជីវិតរបស់អ្នកនឹងតាមពីក្រោយអ្នកជាមិនខាន។» លោក Conor Nestor បន្ថែម។

លោក Conor Nestor បានបញ្ជាក់បន្តទៀតថា៖ «ពេលខ្លះអ្នកគាំទ្រអាចខកចិត្តដោយសារតែភាពអាជីព ប៉ុន្តែការពិតគឺថាវាមិនងាយស្រួលទេក្នុងការក្លាយជាកីឡាករបាល់ទាត់អាជីព ព្រោះវាត្រូវការវិន័យច្រើន។ ហេតុដូច្នេះហើយនៅក្នុងគំនិតរបស់ខ្ញុំកីឡាករកំពូលៗ គឺជាអ្នកដែលស្រឡាញ់ការប្រកួតបំផុត។ វាចំណាយពេល ១១ ខែដើម្បីកែទំលាប់ ហើយខ្ញុំពិតជាមានមោទកភាពចំពោះកីឡាកររបស់ខ្ញុំ ពីព្រោះទម្លាប់ទំលាប់ក្នុងជីវិតរបស់អ្នកមិនងាយស្រួលទេ។»

«សំរាប់ខ្ញុំក្នុងនាមជាគ្រូបង្វឹក រឺគ្រូបង្រៀន គឺពាក់ព័ន្ធអំពីព័ត៌មាន និងការគាំទ្រ។ ផ្តល់ឲ្យកីឡាករនូវព័ត៌មានដែលពួកគេត្រូវការនៅក្នុងគ្រប់ស្ថានភាពទាំងអស់ ហើយបន្ទាប់មកប្រសិនបើពួកគេសំរេចថាពួកគេនឹងធ្វើតាមព័ត៌មាននោះ ដូច្នេះត្រូវផ្តល់ឲ្យពួកគេនូវការគាំទ្រដើម្បីតាមដាន។ អ្នកអាចមើលទៅនរណាម្នាក់ដូចជា Ryan Giggs ដែលលេងរហូតដល់គាត់មានអាយុ ៤០ឆ្នាំ។ គាត់ធ្លាប់ធ្វើយូហ្គាដើម្បីរក្សារាងរបស់គាត់។ ក្លឹប (Manchester United) បានដឹងអំពីរឿងនេះ ហើយចាប់ផ្តើមឲ្យមានថ្នាក់យោហ្គានៅក្នុងក្លឹប។ វាមិនមែនគ្រាន់តែប្រាប់កីឡាករឲ្យធ្វើរឿងនេះ ធ្វើរឿងនោះទេ យើងត្រូវតែផ្តល់ការគាំទ្រដល់ពួកគេដើម្បីរក្សាវិន័យ។ ពេលខ្លះវាអាចជាការលំបាកនៅទីនេះ ប៉ុន្តែតាមបទពិសោធរបស់ខ្ញុំវាមិនមែនដោយសារកីឡាករមិនមានឆន្ទៈទេ ប៉ុន្តែពេលខ្លះវាមកពីប្រព័ន្ធគាំទ្រមិនមាននៅទីនេះ។» សម្ដីចុងក្រោយរបស់ លោក ​Conor Nestor។

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់