លីគកំពូលកម្ពុជា ត្រលប់មកវិញចុងសប្ដាហ៍នេះ ក្រោយបេសកកម្មក្រុមជម្រើសជាតិបានបញ្ចប់

មាស សុផាណារ៉ុង September 12, 2019


 

ភ្នំពេញ៖ ការប្រកួត​ដណ្ដើម​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ( Metfone Cambodian League ) នឹង​ត្រលប់​មកវិញ​ភ្លាមៗ នៅ​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​បេសកកម្មរបស់ក្រុម​ជម្រើស​ជាតិ​កម្ពុជា បានបញ្ចប់​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ជាមួយ​ហុងកុង និង​បារ៉ែន​ កាលពីដើមខែកញ្ញា។

យោងតាម​កាលវិភាគ​ដែល​ចេញ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ( CNCC ) សប្តាហ៍​ទី២២ នៃ​លី​គ​កំពូល​កម្ពុជា នឹង​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ទី​១៤ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ខណៈជាមួយគ្នាផងដែរ ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នៅសប្ដាហ៍នេះ គឺវិសាខា ត្រូវទទួល ក្រសួងការពារជាតិ ដ្បិតលទ្ធផលនេះ គឺជះឥទ្ធិពលដល់ការប្រជែងជើងឯករវាងក្រុមកំពុងមានលទ្ធភាពប្រជែងពាន ជាមួយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ដូចជាវិសាខា, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ និងបឹងកេត ជាដើម។

សូម​បញ្ជាក់​ថា លី​គ​កំពូល​កម្ពុជា​បាន​បញ្ចប់​ការប្រកួត​កាលពី​ពាក់កណ្ដាល​ខែមីនា ហើយ​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​នេះ ដោយក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​នឹង​ទទួល​បាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ ផ្ទាល់​តែម្ដង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់