អ្នកសារព័ត៌មានជនជាតិបារាំង សម្ដែងភាពភ្ញាក់ផ្អើលមិនគួរឲ្យជឿ ក្រោយឃើញអ្នកគាំទ្រកម្ពុជា ច្រើនភ្លូកទឹកភ្លូកដី

មាស សុផាណារ៉ុង September 11, 2019


 

ភ្នំពេញ៖ លោក Thibault Bourru អ្នកសារព័ត៌មានជនជាតិ បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួន ក្នុងការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ជុំទី២ ថាមិនគួរឲ្យជឿ បន្ទាប់ពីអង្គុយក្នុងចំណោមអ្នកគាំទ្ររាប់ម៊ឺននាក់នៅពហុកីឡដ្ឋានជាតិ។

អ្នកកាសែតបារាំងដែលធ្លាប់បម្រើការងារឲ្យកាសែត Le Petit Journal Cambodge ( ប្រព័ន្ធផ្សព្វផ្សាយបារាំង ) បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន បានចូលរួមទស្សនាការប្រកួតទាំងពីរលើក របស់កម្ពុជាក្នុងពូល C នៃវគ្គជម្រុះពានដដែលនេះ និងទទួលបានការចាប់អារម្មណ៍ពីបរិយាកាសពហុកីឡដ្ឋានជាតិអូឡាំពិក។

Thibault Bourru បានប្រាប់ camsports.org ថា៖ «វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ស្ថិតក្នុងចម្ងាយ ១២,០០០ គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ ប៉ុន្តែមានមហិច្ឆតាចំពោះបាល់ទាត់ដូចគ្នា។ មនុស្សកកកុញនៅជុំវិញកីឡដ្ឋាន ចរាចរណ៍កកស្ទះ អ្នកលក់ចំណីអាហារ និងភេសជ្ជៈនៅក្បែរច្រកទ្វារចូល ពោលអ្វីៗគឺស្រដៀងគ្នា។ ខ្ញុំចូលចិត្តវា វាជាបរិយាកាសដែលខ្ញុំត្រូវការ។ ពិតណាស់ វប្បធម៌នៅទីនេះ គឺខុសគ្នាពីប្រទេសបារាំង តែបាល់ទាត់គឺជាបាល់ទាត់ ហើយខ្ញុំដឹងថាពិភពលោកទាំងមូលអាចយល់បានតាមរយៈកីឡានេះ។ វាពិតជាមិនគួរឱ្យជឿ។»

Thibault បានបន្តថា៖ «ខ្ញុំបានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ២,៣ដងរួចមកហើយនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញនេះ ចាប់តាំងពីខ្ញុំបានមកដល់ក្នុងឆ្នាំ២០១៧ ប៉ុន្តែខ្ញុំតែងតែនៅតំបន់ VIP។ ការប្រកួតទល់នឹងហុងកុង និងបារ៉ែន វាគឺជាលើកទីមួយដែលខ្ញុំបានទៅកន្លែងធម្មតាជាមួយអ្នកគាំទ្រ។ វាគឺជាបទពិសោធន៍ផ្ទុយពីគ្នា។ បរិយាកាសពិតជាអស្ចារ្យ ខណៈដែលកីឡដ្ឋានពោរពេញទៅដោយមនុស្សជាង ៥៥,០០០នាក់។ ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះអ្នកគាំទ្រសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ ស្ថានភាពនានានៅលើទីលាន ត្រូវតែមានអ្វីទាំងនេះទាក់ទងគ្នាបែ​បនេះ។»

បុរសដដែលរូបបានបង្ហាញរឿងរ៉ាវធ្វើឲ្យចាប់អារម្មណ៍នោះ គឺភាពខុសគ្នាខ្លាំងរវាងចំណង់ចំណូលចិត្តលើក្រុមជម្រើសជាតិ និងចំណង់ចំណូលចិត្តលើក្លឹបនៅកម្ពុជា។ ដោយលោកធ្លាប់បានសម្ភាសន៍ ធារី ចន្ថាប៊ីន ពេលមកដល់កម្ពុជាដំបូង ហើយអ្វីដែល ធារី ប្រាប់វាគឺជាការពិត។ «ខ្ញុំមានការភ្ញាក់ផ្អើលដោយសារតែនៅប្រទេសបារាំងចំណង់ចំណូលចិត្តសម្រាប់ក្លឹបគឺខ្លាំងដូច ឬពេលខ្លះខ្លាំងជាងក្រុមជម្រើសជាតិទៅទៀត។» សម្ដីរបស់ Thibault។

ជាមួយនឹងការបញ្ចប់ប្រកួតចំនួន ២លើក និងនៅសល់ ៦ប្រកួតទៀត កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូល C បន្ទាប់ពីស្មើជាមួយ ហុងកុង ( ១-១ ) និងចាញ់បារ៉ែន ( ១-០)៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់