សំបុត្រចូលទស្សនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចាប់ផ្ដើមលក់ពីថ្ងៃនេះតទៅ

មាស សុផាណារ៉ុង September 16, 2019


 

ភ្នំពេញ៖ ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវ​កាល​ ២០១៩ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើម​លក់​សំបុត្រ​សម្រាប់​អ្នកគាំទ្រ​ដែល​ចង់​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រាជធានី​ភ្នំពេញ​ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ។

យោងតាម​ការជូនដំណឹង​ដោយ គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា – CNCC បានបញ្ជាក់នូវតម្លៃុសំបុត្រចែកចេញជា ២ប្រភេទ គឺតម្លៃ ៣,០០០រៀល សម្រាប់កន្លែងអង្គុយធម្មតា ( អត់ដំបូល ) និង ៥,០០០រៀល សម្រាប់កន្លែងអង្គុយ ជាប់តំបន់វីអាយភី ( តំបន់មានដំបូល ) និងបែងចែក ២ប្រកួតផ្សេងពីគ្នា នៅស្នាក់ការ CNCC ដែលមានអាសយដ្ឋានតាមលីង Link ខាងក្រោម រហូតដល់ថ្ងៃប្រកួតនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ផ្ទាល់តែម្តង។

សម្រាប់​ការប្រកួត​គូ​ដំបូង គឺជាការជួបគ្នារវាង ក្លឹប​បាល់ទាត់​វិសាខា ទល់នឹង ​ក្លឹប​បាល់ទាត់បឹងកេត នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦​ល្ងាច។ រីឯ​ ការប្រកួតមួយគូ​ផ្សេងទៀត ក្លឹបបាល់ទាត់ព្រះខ័ន​រាជ​ស្វាយរៀង ជួបជាមួយ ក្លឹបបាល់ទាត់ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃទី ១៩ ខែកញ្ញា វេលា​ម៉ោង ៦​ល្ងាច​ដូចគ្នាផងដែរ​ និងមានការ​ផ្សាយ​ផ្ទាល់​លើកញ្ចក់ទូរទស្សន៍ BTV News ទាំងពីរគូ។

សូមបញ្ជាក់ថា រាល់ការទិញសំបុត្រ ទស្សនិកជននឹងមានឱកាសឈ្នះរង្វាន់ធំម៉ូតូម៉ាក Honda Beat 2019 ចំនួន ៣គ្រឿង និងរង្វាន់ជាច្រើនទៀតពី គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដោយគ្រាន់តែសន្សំសំបុត្រពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត ទៅដើម្បីចាប់រង្វាន់នៅថ្ងៃផ្ដាច់ព្រ័ត្រ។

​គួរ​រំលឹក​ទៅដល់ក្រុមទាំង ៤ខាងលើមុនឡើងមកដល់វគ្គនេះ វិសាខា បាន​យកឈ្នះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សរុប​ពីរ​ជើង ១០-០ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ និង បឹងកេត ឈ្នះ ខេត្តសៀមរាប ៩-០ ។ ក្រោយមក វិសាខា បន្ត​យកឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ៥-២ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ បឹងកេត ឈ្នះ​សូល​ទី​ឡូ​អង្គរ ២-១ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ដូចគ្នា នៃ​លទ្ធផល​សរុប​ទាំងពីរ​ជើង​ ខណៈព្រះខ័ន​រាជ​ស្វាយរៀង​វិញ ឈ្នះ​ខេត្ត​ត្បូងឃ្មុំ ៨-១ ទាំងពីរ​ជើង​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ និង ឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ៦-០។ ភ្នំពេញ​ក្រោ​ន វិញ ឈ្នះ​កំពង់ចាម ២៤-០ (​ទាំងពីរ​ជើង​) និង​ឈ្នះ ក្រសួងការពារជាតិ ក្នុង​វគ្គ​កាត់សេចក្តី​១១​ម៉ែត្រ ៥-៤៕

 

ចុចលើពាក្យ link ដើម្បីមើលទីតាំងស្នាក់ការ CNCC។

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់