លោក Felix ជុំវិញមូលហេតុដែល សៀង ចន្ធា ចូលលេងជម្រើស ១១នាក់ ជាលើកដំបូង

មាស សុផាណារ៉ុង September 11, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ ក្រុមជម្រើសជាតិបារ៉ែន ដោយលទ្ធផល ០ទល់១ ក្នុងជំនួបទី២ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) ក៏ដូចជា ពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ សៀង ចន្ធា ត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងជាជម្រើស ១១នាក់ដំបូង ជាលើកដំបូង ចាប់តាំងពីជាប់ជម្រើសជាតិ។

មានយោបល់ជុំវិញការដាក់ឲ្យ សៀង ចន្ធា ចូលប្រកួតជាកីឡាករជម្រើស ១១នាក់ដំបូង លោក Felix G.Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ដោយសារមើលឃើញថា យុវជនវ័យទើបតែ ១៧ឆ្នាំរូបនេះ អាចធ្វើឲ្យមានឥទ្ធិពលនៅក្នុងការប្រកួត បូករួមជាមួយការប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាការបង្ហាញទម្រង់លេងដ៏ល្អ កាលពីប្រកួតជាមួយ ហុងកុង។

«យើងបានយល់ពីស្ថានភាពនៃការប្រកួតដោយគិតថា ចន្ធា អាចធ្វើឲ្យមានឥទ្ធិពលនៅក្នុងការប្រកួត នាពេលចាប់ផ្ដើម ហើយពិតណាស់គាត់បានធ្វើវា ហើយយើងពិតជារីករាយចំពោះការបង្ហាញទម្រង់លេងដែលគាត់មាន។ ជាការពិត ដូចដែលខ្ញុំបាននិយាយពីមុនមក គាត់ទើបតែអាយុ ១៧ឆ្នាំ ហើយត្រូវតែអត់ធ្មតជាមួយគាត់បន្តិច និងអនុញ្ញាតិឲ្យគាត់បន្ថែមការរីកចម្រើនបន្ថែមទៀត នេះគឺជាមូលហេតុដែលយើងចាប់ផ្ដើមគាត់ជម្រើស ១១នាក់ដំបូង។» សម្ដីទាំងស្រុងរបស់ លោក Felix G.Dalmas។

សូមបញ្ជាក់ថា នេះគឺជាលើកដំបូងដែល សៀង ចន្ធា ត្រូវបានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ចាប់តាំងពីបានជាប់ជម្រើសជាតិឈុតធំ នៅក្នុងឆ្នាំ២០១៩ កាលពីខែមីនា ជាមួយនឹងការទទួលបានការកោះហៅពី លោក Honda Keisuke ជាមួយ លោក Felix Dalmas ប្រកួតជាមួយ ជម្រើសជាតិបង់ក្លាដេស ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំប៉ុន្តែពុំបានបង្ហាញខ្លួនឡើយ។

សៀង ចន្ធា ទទួលបានការកោះហៅជាលើកទី២ ប្រកួតជម្រុះបាល់ទាត់ពិភពលោក ជុំទី១ ជាមួយប៉ាគីស្ថាន ដែលជាវេលាមិនអាចបំភ្លេចបាន ដ្បិតប្ដូរចូលទាំង ២ប្រកួត រកគ្រាប់បាល់បាន ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទី ( Assist ) បានម្ដងផងដែរ និងនៅជុំទី២ នេះប្ដូរចូលពេលប៉ះហុងកុង ហើយបានឱកាសបង្ហាញខ្លួនលើកដំបូង ជាមួយ បារ៉ែន នេះផ្ទាល់តែម្ដង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់