គ្រូបារ៉ែន ទុកការប្រកួតជាមួយកម្ពុជា គឺជាការប្រកួតដ៏អស្ចារ្យ ដ្បិតក្រុមគោព្រៃលេងបានយ៉ាងល្អ

មាស សុផាណារ៉ុង September 10, 2019


 

ភ្នំពេញ៖ លោក Hélio Sousa គ្រូបង្វឹកក្រុមជម្រើសជាតិបារ៉ែនបានថ្លែងថា ក្រោយពីបាននាំក្រុមប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ០ទល់១ នៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) បានបញ្ជាក់ថា គឺជាការប្រកួតដ៏អស្ចារ្យ ដោយសារកម្ពុជា លេងបានល្អមែនទែន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតលោកបានលើកឡើងថា៖ «ការប្រកួតនេះពិតជាអស្ចារ្យ យើងលេងជាមួយក្រុមដែលល្អមែនទែន ពួកគេព្យាយាមលេងជាមួយបាល់ ព្យាយាមរក្សាបាល់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏យើងព្យាយាមកែប្រែស្ថានភាពបាន យើងបង្កើតឱកាសបានច្រើន យើងមានឱកាសបញ្ចប់ទីបានច្រើន ប៉ុន្តែយើងរកបានតែមួយគ្រាប់។»

លោកបានបន្ថែមជាចុងក្រោយថា៖ «ជាការពិតកីឡាកររបស់យើងសហការគ្នាបានយ៉ាងល្អ ហើយថ្ងៃនេះជាការប្រកួតដែលយើងរកបាន ៣ពិន្ទុដ៏មានសារៈសំខាន់សម្រាប់ក្រុម។»

សូមបញ្ជាក់ថា ជាជ័យជម្នះ ០ទល់១ លើកម្ពុជា គឺធ្វើបានសម្រេចដោយកីឡាករ Kamil Al Aswad នៅនាទី៧៨ នៃវគ្គទី២៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់