ចាញ់បារ៉ែន ០ទល់១ តែលោក Felix Dalmas មើលឃើញកម្ពុជា មានភាពរីកចម្រើនច្រើនចំណុច

មាស សុផាណារ៉ុង September 10, 2019


 

ភ្នំពេញ៖ លោក Filex Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក្រោយពីបាននាំក្រុមប្រកួតចាញ់ជាមួយ ក្រុមជម្រើសជាតបារ៉ែន ក្នុងលទ្ធផល ០ទល់១ នៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) បានបញ្ជាក់ថា មើលឃើញការរីកចម្រើន ២ចំណុច។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Filex G.Dalmas បានលើកឡើងថា៖ «ចំណុចល្អមានច្រើន ដូចជាកីឡាករព្យាយាមជួយគ្នាទៅវិញទៅមក ព្យាយាមលេងដោយទំនុកចិត្ត តាមអ្វីដែលខ្លួនចង់លេង ។ ជាការពិតយើងបានលេងជាមួយក្រុមមួយខ្លាំងមែនទែន តែយើងនៅតែព្យាយាមរក្សាជំហរលេង ។ ដូចខ្ញុំធ្លាប់និយាយអញ្ចឹង យើងទើបចាប់ផ្ដើមបាន ១ឆ្នាំ យើងត្រូវការពេលវេលាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ និងពង្រឹងទម្រង់លេងរបស់យើង ។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះបានបន្តទៀតថា៖ «ចំណុចដែលខ្ញុំមើលឃើញការរីកចម្រើន គឺការយល់ពីទម្រង់លេង និងការរក្សាជំហរក្នុងតួនាទីរៀងៗខ្លួន និយាយទៅយើងមានចំណុចរីកចម្រើន ហើយក៏មានចំណុចខ្វះខាតដែរ ដែលយើងត្រូវការពេលវេលា ដើម្បីអភិវឌ្ឍន៍បន្ថែម ។ ប៉ុន្ដែយ៉ាងណាលោកមិនពេញចិត្ត ចំពោះលទ្ធផល ២ប្រកួតចុងក្រោយនេះទេ តែយើងនឹងព្យាយាមដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នា។»

សូមបញ្ជាក់ថា កម្ពុចា នឹងមានការប្រកួតបន្តទៀតនៅក្នុងពូល C នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាមួយជម្រើសជាតិអ៊ីរ៉ាក់ ដែលជាការប្រកួតទី៣ ប្រចាំពូលនេះ ខណៈប្រកួតទី៤ ជួបអ៊ីរ៉ង់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់