ស៊ូ យ៉ាទី ជុំវិញការបាត់បង់តំណែងជាអ្នកចាំទីជម្រើសដំបូងរបស់កម្ពុជា ទៅ កែវ សុខសិលា

មាស សុផាណារ៉ុង September 10, 2019


 

ភ្នំពេញ៖ ស៊ូ យ៉ាទី ទំនងជាបាត់បង់តំណែងជាអ្នកចាំទីជម្រើសទី១ របស់ក្រុមជម្រើសជាតិកម្ពុជា ទៅសិស្សប្អូន កែវ សុខសិលា ខណៈដែលអ្នកចាំទីរបស់ក្លឹបវិសាខា រូបនេះបានចាប់ជម្រើស ១១នាក់ដំបូង ៣ប្រកួតជាប់ៗគ្នា ក្នុងការប្រកួតជម្រុះ FIFA World Cup ទាំង ៣ប្រកួត នៅកម្ពុជា ជាមួយ ប៉ាគីស្ថានទាំងក្នុង និងក្រៅដី និងហុងកុង កាលពីពេលថ្មីៗនេះ។

ទោះយ៉ាងណាអ្នកចាំទីរបស់ក្លឹបណាហ្គាវើល មិនមានអារម្មណ៍មិនសប្បាយចិត្តឡើយ បើទោះបីជាត្រូវអង្គុយនៅកៅអីបម្រុង ក្នុងជំនួបប្រកួតស្មើ ១ទល់១ ជាមួយហុងកុង ក្នុងការប្រកួតបើកពូល C ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២ ដដែលនេះ។

ស៊ូ យ៉ាទី មិនបានទទួលការកោះហៅអំឡុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០២២ នៅជុំទី១ ឡើយ ដ្បិតអ្នកចាំទីដែលបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ជាមួយក្លិបចំនួន ៣ផ្សេងគ្នារូបនេះ បង្ហើបថាអវត្តមានដោយសារបញ្ហារបួស។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះក៏បានកោតសរសើរដល់ កែវ សុខសិលា ចំពោះភាពជឿជាក់ និងការរីកចម្រើន ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២ ជាមួយក្រុមជម្រើសជាតិកម្ពុជា។

ស៊ូ យ៉ាទី បានប្រាប់ camsports.org ថា៖ «ខ្ញុំមិនមានអារម្មណ៍តូចចិត្ត ឬខកចិត្តទេ ព្រោះវាគឺជាការប្រជែងថ្មី។ ខ្ញុំមានបទពិសោធល្អជាមួយក្រុមជម្រើសជាតិ ប៉ុន្តែបន្ទាប់ពី Honda និង Felix ចូលមកកាន់កាប់ក្រុម ខ្ញុំបានទទួលរងរបួស និងខកខានការប្រកួតជាមួយក្រុមជម្រើសជាតិជាច្រើនប្រកួត។»

«សុខសិលា អាចយល់ពីបច្ចេកទេសរបស់គ្រូបង្វឹកបានល្អ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំថ្មីចំពោះរឿងនេះ។ នេះអាចជាអ្វីដែលធ្វើឱ្យខ្ញុំបាត់បង់កៅអី។ សុខសិលា បាននៅជាមួយក្រុមនេះអស់រយៈពេលជាយូរមកហើយ ដូច្នេះគាត់អាចយល់ពីបច្ចេកទេសរបស់ក្រុម។ គាត់ក៏ល្អជាមួយជើងរបស់គាត់ដែរ។» ស៊ូ យ៉ាទី បន្ថែម។

និយាយពីការចាប់ផ្ដើមជុំវិញការប្រកួតជាមួយបារ៉ែន ស៊ូ យ៉ាទី បានបញ្ជាក់ថា៖ «ខ្ញុំមិនច្បាស់ទេថាតើខ្ញុំនឹងចាប់ផ្តើមប្រកួតជាមួយបារ៉ែនទេ ប៉ុន្តែ សុខសិលា បានបង្ហាញពីទម្រង់លេងល្អក្នុងការប្រកួតនាពេលថ្មីៗនេះ។ គាត់មើលទៅមានទំនុកចិត្តខ្លាំង ដូច្នេះគាត់អាចនឹងចាប់ផ្តើមនៅល្ងាចនេះព្រោះខ្ញុំមិនទាន់យល់ពីយុទ្ធសាស្ត្ររបស់ក្រុមនៅឡើយទេ។ ខ្ញុំមិនបានទទួលការកោះហៅអំឡុងការប្រកួតជម្រុះលើកដំបូងរបស់កម្ពុជា នៅ FIFA World Cup ប្រកួតជាមួយប៉ាគីស្ថានទេ ហើយខ្ញុំគិតថាប្រហែលជាខ្ញុំបានជាពីរបួសហើយ។ ទោះយ៉ាងណាខ្ញុំមិនមានអារម្មណ៍ខកចិត្តអ្វីទាំងអស់ ពីព្រោះខ្ញុំគិតថាគាត់ [ កែវ សុខសិលា ] គឺជាអ្នកចាំទីដែលមានគុណភាព ហើយខ្ញុំពិតជារីករាយណាស់សម្រាប់គាត់។»

បញ្ជាក់ជាថ្មីថា ម៉ោង ៦:៣០នាទីល្ងាចនេះ កម្ពុជា និងត្រូវប្រកួតជាមួយ បារ៉ែន សម្រាប់ការប្រកួតទី២ ក្នុងពូល C លើវាលស្មៅសិប្បនិមិត្តនាពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់