ថ្ងៃនេះ ឆ្នាំមុន Honda ដឹកនាំជម្រើសជាតិកម្ពុជា លើកដំបូងប្រកួតជាមួយម៉ាឡេស៊ី

មាស សុផាណារ៉ុង September 10, 2019


 

ភ្នំពេញ៖ គេនៅចាំបានថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ គឺជាថ្ងៃលោក Keisuke Honda ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតអន្ដរជាតិលើកដំបូង បន្ទាប់ពីត្រូវសហព័ន្ធតែងតាំងជាអ្នកចាត់ការទូទៅ ដោយប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ខណៈលទ្ធផលចាញ់ក្រុមភ្ញៀវ ១ទល់៣។

ដូច្នេះថ្ងៃនេះ គឺជាខួប ១ឆ្នាំ ដែលអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានដឹកនាំក្រុមគោព្រៃកម្ពុជា ធ្វើសង្គ្រាមលើសមរភូមិវាលស្មៅ ស្របពេលកម្ពុជា ត្រូវប៉ះបារ៉ែន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (FIFA World Cup Qatar 2022) ជុំទី២-តំបន់អាស៊ី ពូល C នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

រយៈពេលជាង ១ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់លោក Honda ក៏ដូចជាគ្រូបង្វឹកលោក Felix G.Dalmas គេសង្កេតឃើញក្រុមជម្រើសជាតិកម្ពុជា មានការវិវត្តន៍ និងរីកចម្រើនប្លែក ផ្ទុយកាលពីលោកដឹកនាំថ្មីៗ ពិសេសការផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងជាច្រើន បានចូលរួម និងបង្ហាញសមត្ថភាព រហូតបង្ហាញនូវទម្រង់លេងមួយ ដែលត្រូវបានមហាជន និងបណ្ដាប្រទេសមួយចំនួន ទទួលស្គាល់ជាទម្រង់ផ្ទាល់របស់កម្ពុជា។

សម្រាប់ការប៉ះបារ៉ែនល្ងាចនេះវិញ ក៏មានអ្នកតាមដានបាល់ទាត់ជាតិ ហ៊ានវាយតម្លៃថា ក្រុមគោព្រៃកម្ពុជា នឹងបន្ដធ្វើបានល្អ បើចាញ់កាលពីប៉ះហុងកុងឡើយ បើទោះបីបច្ចុប្បន្នកម្ពុជា មានចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ចាញ់ប្រៀបក្រុមបារ៉ែនក៏ដោយ។

ដូច្នេះអ្នកគាំទ្រ បាននឹងកំពុងរង់ចាំអ៊ុត តើល្ងាចនេះ លោក Honda នឹងប្រើយុទ្ធសាស្ដ្រអ្វី ដើម្បីបំបែកំណត់ត្រាចាញ់ ១ឆ្នាំមុន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩?

 

អត្ថបទ៖ បុត្រា

មតិយោបល់