ប្រធានក្រុមកម្ពុជាថា នឹងប្រើឆន្ទៈ និងទំនុកចិត្ត លេងជាមួយបារ៉ែនស្អែក

មាស សុផាណារ៉ុង September 9, 2019


 

ភ្នំពេញ៖ កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា បានអះអាងថា ក្រុមខ្លួននឹងប្រើប្រាស់ឆន្ទៈ រួមជាមួយទំនុកចិត្តខ្ពស់ ដើម្បីតតាំងជាមួយក្រុមជម្រើសជាតិបារ៉ែន ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ( FIFA World Cup Qatar 2022 ) ជុំទី២-តំបន់អាស៊ី ពូល C នាវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញាស្អែកនេះ នៅពហុកីឡដ្ឋានជាតិ។

ថ្លែងក្នុងសន្និសីទមុនការប្រកួត កាលពីព្រឹកមិញ វិសាល បានបញ្ជាក់ថា៖ «ស្អែកនេះជាការប្រកួតដ៏ល្អមួយសម្រាប់ក្រុមយើង ហើយក៏ជាការប្រកួតតានតឹងដែរ ព្រោះយើងដឹងក្រុម និងកីឡាករបស់គេមានកម្រិតខ្ពស់។ ប៉ុន្ដែក្រុមយើងក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនេះដែរ។ ពួកយើងនឹងប្រើឆន្ទៈ និងទំនុកចិត្ត ដើម្បីលេងជាមួយពួកគេ។ ទោះបីលទ្ធផលយ៉ាងណា ក៏មិនបញ្ហាដែរ ដោយសារពួកយើងចង់បានគោលការណ៍របស់ក្រុមយើង ដែលលោកគ្រូដាក់ឲ្យ និយាយទៅ គឺដើម្បីសម្រេចបំណងពួកយើងចង់បាន។»

បន្ថែមលើនេះ សមាជិកក្លឹបព្រះខ័នរាជស្វាយរៀងដដែល ក៏បានបង្ហាញនូវជំហរដ៏រឹងមាំ ដើម្បីស្វាគមន៍ក្រុមជើងឯកពានប្រចាំតំបន់អាស៊ីខាងលិច ដោយ វិសាល និយាយថា ទោះបីប៉ះក្រុមខ្លាំង ឬកីឡាករមាឌធំៗយ៉ាងណា ក៏កម្ពុជា នៅតែរក្សាទម្រង់លេង តាមគោលការណ៍របស់គ្រូបង្វឹកដដែល ពោលគឺលេងដោយទំនុកចិត្តក្លាហាន និងព្យាយាមលេងដាក់សម្ពាធលើគូប្រកួតឲ្យបានមុនជានិច្ច។ ដូច្នេះ វិសាល បានអំពាវនាវឲ្យអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើន ដើម្បីលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាស្អែកនេះ។

គួរបញ្ជាក់ថា ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី ក្រុមនីមួយៗ សុទ្ធតែរកបាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើគ្នា ១-១ ដូចគ្នា លើកលែងតែអ៊ីរ៉ង់ ដែលមិនទាន់ប្រកួត។ ដូច្នេះការជួបគ្នា រវាងកម្ពុជា និងបារ៉ែន នាថ្ងៃអង្គារស្អែកនេះគឺជាការប្រកួតដ៏សំខាន់ដើម្បីដណ្ដើមចំណាត់ថ្នាក់ល្អក្នុងតារាងពិន្ទុ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់