គ្រូកម្ពុជា សម្ដែងក្ដីរំភើបដែលមានឱកាសប្រកួតជាមួយក្រុមខ្លាំង ដូចជាបារ៉ែន

មាស សុផាណារ៉ុង September 9, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរំភើបដែលមានឱកាសប្រកួតជាមួយក្រុមខ្លាំង ដូចជាបារ៉ែន ក្នុងជំនួបបើកពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ស្អែកនេះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតមកដល់ លោក Felix Dalmas បានលើកឡើងថា៖ «បាទ! ស្អែកនេះយើងពិតជារំភើបក្នុងការប្រកួតជាមួយក្រុមដែលខ្លាំង ដែលមានគ្រូបង្វឹកដ៏ល្អ យើងរៀបចំបានយ៉ាងល្អ ហើយយើងសង្ឃឹមថានឹងធ្វើព្យាយាមឲ្យអស់ពីលទ្ធភាព។»

ជុំវិញសំណួរដែលចោទសួរថា តើមានគំនិតបែបណាដើម្បីប្រកួតជាមួយបារ៉ែន ដែលធៀបទៅនឹងការប្រកួតជាមួយបាគីស្ថាន ក៏ដូចជាហុងកុង ធ្វើបានយ៉ាងល្អ? លោក Felix G.Dalmas បានលើកឡើងថា៖ «យើងរីករាយដែលបានធ្វើឲ្យអ្នកគាំទ្រពេញចិត្តនូវទម្រងលេងរបស់យើង។ ចំពោះគំនិតរបស់យើងគឺនៅតែដដែល យើងនៅតែព្យាយាមឲ្យក្រុមរបស់យើងធ្វើបានមុន និងលឿនជាងគេ យើងនៅតែចង់ឲ្យក្រុមយើងមានភាពក្លាហានក្នុងការលេង ទោះបីជាលទ្ធផលឈ្នះ ឬក៏ពេលខ្លះចាញ់ ហើយខ្ញុំពិតជារីករាយដែលប្រជាជនទទួលស្គាល់ និងពេញចិត្តអំពីរឿងនេះ។ យើងនៅតែចង់ឲ្យក្រុមរបស់យើងមានរបៀបលេង ដែលយើងចង់បាន ហើយសង្ឃឹមថាយើងនឹងបន្តធ្វើបានល្អ ពីមួយប្រកួតទៅមួយប្រកួត នេះគឺជាកត្តាជំរុញមួយដើម្បីធ្វើការប្រកួតជាមួយក្រុមដែលពិបាកបែបនេះ។»

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប បារ៉ែន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ស្អែកនេះលើទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិដដែល នាវេលាម៉ោង ៦:៣០ នាទីល្ងាច នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់