គ្រូបារ៉ែន ថាត្រៀមខ្លួនរួចរាល់ ១០០% ដើម្បីជួបក្រុមកម្ពុជាដែលកំពុងរីកចម្រើន តែហាក់បារម្ភពីបញ្ហាទីលាន

នូ មករា September 9, 2019


 

ភ្នំពេញ​៖​ ខណៈដែលការប្រកួតរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងបារ៉ែន ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022, Qualification Round 2 កាន់តែខិតជិតដល់នោះ នាព្រឹកថ្ងៃទី៩ នេះនៅក្នុងសន្និសីទសារព័ត៌មាន​​ លោក Hélio Sousa គ្រូបង្វឹកក្រុមជម្រើសជាតិបារ៉ែនបានថ្លែងថា លោកផ្ដោតលើការស្វែងរក ៣ពិន្ទុឲ្យបាននាថ្ងៃស្អែក។

យ៉ាងណាក៏ដោយ បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមថា៖ «ជាការពិត ការប្រកួតថ្ងៃស្អែក គឺជាការប្រកួតដ៏លំបាក ព្រោះខ្ញុំឃើញកម្ពុជាកំពុងធ្វើបានល្អ និងរៀបចំបានល្អ ហេតុនេះយើងត្រូវរៀបចំឲ្យបានល្អដើម្បីត្រៀមសម្រាប់ការប្រកួតនេះ។… និយាយទៅ យើងមិនបានចាប់ផ្ដើមអ្វីដែលថ្មី តែយើងចាប់ផ្ដើមជាមួយអ្វីប្លែក សម្រាប់ការធ្វើការជាមួយសហព័ន្ធបារ៉ែន ពិសេសការផ្ដល់ឱកាសដល់កីឡាករមានសក្ដានុពល ជាក់ស្តែងទោះយើងធ្វើបានល្អជាមួយពានរង្វាន់ជើងឯកអាស៊ីខាងលិច (WAFF) ក៏ដោយ ប៉ុន្ដែការប្រកួតនេះ យើងចង់ធ្វើអ្វីប្លែកជាងពីមុន ហើយនៅទីនេះ មិនមែនជាការប្រកួតងាយស្រួលនោះទេ ព្រោះកម្ពុជា ក៏មិនមែនជាកីឡាករអន់ដែរ ។ យ៉ាងណាមិញយើងក៏ទទួលស្គាល់ដែរថា កីឡាករយើង មានកីឡាករល្អជាច្រើន តួយ៉ាងដូចជាកីឡាករលេខ ៤ ដែលធ្វើបានល្អកន្លងមក ហេតុនេះយើងផ្ដល់ឱកាសឲ្យគាត់ជួយក្រុម។»

លោកបានលើកឡើងដែរជុំវិញទម្រង់លេងពីការប្រកួតជាមួយ អ៊ីរ៉ាក់ ដែលជាក្រុមខ្លាំងដែលស្ទើរតែទទួលបាន ៣ពិន្ទុថា៖ «ជាការពិតយើងគួរតែទទួលបាន ៣ពិន្ទុពីអ៊ីរ៉ាក់ ប៉ុន្ដែពេលនេះយើងចាប់ផ្ដើមការប្រកួតថ្មី យើងត្រូវផ្ដោតការប្រកួតនេះ ហើយយើងលេងជាមួយកម្ពុជា ដែលកំពុងធ្វើបានល្អ និងជាការប្រកួតក្នុងដីទៀត ដូច្នេះយើងនឹងត្រូវការងារធ្ងន់ និងព្យាយាមធ្វើឲ្យបានល្អបំផុតដើម្បីស្វែងរក ៣ពិន្ទុ។ ពិតណាស់ កម្ពុជាពិតជាធ្វើបានល្អ សម្រាប់ការប្រកួតកន្លងមក ពិសេសការប្រកួតលើស្មៅសិម្បនិម្មិតដែលជាផលចំណេញ ខណៈក្រុមខ្ញុំច្រើនលេងលើស្មៅធម្មជាតិ ជាក់ស្ដែងកម្ពុជា ប៉ះប៉ាគីស្ថាន និងហុងកុង ពួកគេពិតជាធ្វើបានល្អ តែយ៉ាងណាក្រុមយើង ត្រូវជឿជាក់ថាត្រៀមខ្លួនរួចរាល់ ១០០% ដើម្បីជួបក្រុមមួយដែលកំពុងរីកចម្រើននេះ។»

សូមបញ្ជាក់ថា ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី ក្រុមនីមួយៗ សុទ្ធតែរកបាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើគ្នា ១-១ ដូចគ្នា លើកលែងតែអ៊ីរ៉ង់ ដែលមិនទាន់ប្រកួត។ ដូច្នេះការជួបគ្នា រវាងកម្ពុជា និងបារ៉ែន នាថ្ងៃអង្គារស្អែកនេះគឺជាការប្រកួតដ៏សំខាន់ដើម្បីដណ្ដើមចំណាត់ថ្នាក់ល្អក្នុងតារាងពិន្ទុ៕

 

អត្ថបទពាកព័ន្ធ៖ រាជវង្សបារ៉ែន មានព្រះបន្ទូលថា៖ «ការឈ្នះជើងឯកពានប្រចាំតំបន់អាស៊ីខាងលិច ជាមូលដ្ឋានគ្រឹះសម្រាប់វគ្គជម្រុះ World Cup»

 

អត្ថបទ៖ បុត្រា

មតិយោបល់