យុវជនបាទី ២រូប ចេញទៅហាត់នៅជប៉ុន ស្របពេល សៀង ចន្ធា នៅជួយគោព្រៃកម្ពុជា ប៉ះបារ៉ែន និងឡើងទៅតាមក្រោយម៉ោង ១១យប់ស្អែក

មាស សុផាណារ៉ុង September 9, 2019


 

ភ្នំពេញ៖ យុវជនមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ២រូប មានកីឡាករ អ៊ាន ពិសី និងអ្នកចាំទី ថា ចាន់រិទ្ធី ដែលដឹកនាំដោយគ្រូបង្វឹកលោក សាប៊ូន វិនតា បានចេញទៅប្រទេសជប៉ុន កាលពីយប់មិញ ដើម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ នៅក្លឹប Vegalta Sendai ដែលជាក្លឹបក្របខណ្ឌលីគកំពូលជប៉ុន ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី២៩ ខែកញ្ញាខាងមុខ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ការចេញដំណើរនេះ គឺពុំមានវត្តមានកីឡាករ សៀង ចន្ធា ដែលមានឈ្មោះត្រូវចូលរួមកម្មវិធីខាងលើដែលនោះទេ ព្រោះ ចន្ធា ជាប់ភារកិច្ចនៅជួយក្រុមជម្រើសជាតិកម្ពុជា ១ប្រកួតទៀត ក្នុងជំនួបជាមួយក្រុមជម្រើសជាតិបារ៉ែន នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ( FIFA World Cup Qatar 2022 ) ជុំទី២-តំបន់អាស៊ី ពូល C នាថ្ងៃទី១០ ខែកញ្ញាស្អែក។

បើតាមការបញ្ជាក់របស់មន្រ្តីមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី បានបញ្ជាក់ថា សៀង ចន្ធា នៅតែទៅចូលរួមកម្មវិធីខាងលើ ជាមួយមិត្តរួមក្រុមរបស់គេទាំង ២រូបដដែល គ្រាន់តែគេទៅតាមក្រោយ ពោលគឺ ចន្ធា គ្រោងហោះទៅជប៉ុន នៅជាងម៉ោង ១១៖៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញានេះ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះ ជួយក្រុមគោព្រៃកម្ពុជា ការប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន នៅយប់ថ្ងៃដដែលនោះ។

គួរដឹងថា កាលពីឆ្នាំ២០១៨ កម្ពុជាបានបញ្ជូនយុវជន ៣រូប ទៅចូលរួមកម្មវិធីខាងលើម្ដងរួចមកហើយ រួមមាន សៀង ចន្ធា, ទៀត គឹមហេង និង ហ៊ុល គឹមហ៊ុយ។ ប៉ុន្ដែឆ្នាំនេះ យុវជនត្រូវបានក្លឹបលីគកំពូលជប៉ុន Vegalta Sendai អនុញ្ញាតឲ្យចូលរួមកម្មវិធីដដែល គឺមានការផ្លាស់ប្ដូរ ដោយនៅសល់តែ សៀង ចន្ធា ម្នាក់ប៉ុណ្ណោះ បន្ទាប់ពីកីឡាករ ទៀត គឹមហេង និង ហ៊ុល គឹមហ៊ុយ ចេញទៅប្រកបអាជីពតាមក្លឹប៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់