ស.ប.ក ព្រមានចាត់វិធានការឈ្មួញឆ្លៀតឱកាសកេងចំណេញក្នុងការលក់សំបុត្រ

មាស សុផាណារ៉ុង September 8, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) បានធ្វើការព្រមាន ចំពោះឈ្មួញឆ្លៀតឱកាសទិញសំបុត្រ ទៅលក់យកចំនេញលើកអ្នកគាំទ្រ សហព័ន្ធនឹងចាត់វិធានការ បើសិនមានការលក់សំបុត្រខុសពីតម្លៃលើសំបុត្រ។ ការជូនដំណឹងនេះ បានធ្វើឡើងស្របពេលក្រុមជម្រើសជាតិកម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

សហព័ន្ធបានបញ្ជាក់លើបណ្ដាញសង្គមថា៖ «សម្រាប់ការប្រកួត កម្ពុជា vs បារ៉ែន ក្នុងករណីមានការលក់សំបុត្រខុសពីតម្លៃដែលមាននៅលើសំបុត្រ នៅក្នុងបរិវេណពហុកីឡដ្ឋាន សហព័ន្ធបាល់ទាត់កម្ពុជាក្នុងនាមជាអ្នករៀបចំការប្រកួត សូមរក្សាសិទ្ធិគ្រប់យ៉ាងដើម្បីចាត់វិធានការចំពោះបុគ្គល ឬឈ្មួញណាដែលឆ្លៀតឱកាសកេងចំនេញលើបងប្អូនយើងដែលចង់មកចូលរួមទស្សនាការប្រកួត។»

ការប្រកាសនេះ ស្របពេលមានឈ្មួញមួយក្ដាប់តូច បានឆ្លៀតឱកាសទិញសំបុត្រដ៏ច្រើន ហើយបន្ទាប់ពីសហព័ន្ធលក់សំបុត្រអស់ ពួកគេចាប់ផ្ដើមធ្វើសកម្មភាពលក់សំបុត្រវិញ ជាមួយតម្លៃដ៏ខ្ពស់ ពេលខ្លះតម្លៃនៅលើមាត់របស់ពួកគេ ពិសេសពេលមានការប្រកួតធំៗម្ដងៗ គេតែងតែឃើញមានបាតុភាពបែបនេះ។ ដោយហេតុនេះ ទើបសហព័ន្ធធ្វើការព្រមាន និងស្នើឲ្យអ្នកគាំទ្ររាយការណ៍ភ្លាមៗ បើសិនមានករណីដូចខាងលើ។

យ៉ាងណាមិញ ក្រឡេកទៅមើលសំបុត្រត្រៀមចូលទស្សនាកម្ពុជា ប៉ះបារ៉ែន ដែលជាប្រកួតទី២ ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022) ជុំទី២-តំបន់អាស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខវិញ សម្រាប់សំបុត្រ VIP តម្លៃ ១០,០០០រៀល គឺបានលក់អស់កាលពីម្សិលមិញ នៅសល់តែសំបុត្រធម្មតាតម្លៃ ៥,០០០រៀលប៉ុណ្ណោះ។ ប៉ុន្ដែទម្រាំដល់ថ្ងៃប្រកួត គេជឿជាក់ថា សំបុត្រក៏នឹងលក់អស់ ដូចកាលកម្ពុជា ប៉ះហុងកុងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់