ជម្រើសជាតិបារ៉ែន ផ្លាស់ប្ដូរសមាសភាពកីឡាករម្នាក់ មុននឹងមកដល់កម្ពុជា ថ្ងៃត្រង់នេះ

មាស សុផាណារ៉ុង September 8, 2019


 

បារ៉ែន៖ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន ដែលត្រូវតតាំងជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) វគ្គជម្រុះជុំទី២ នឹងធ្វើដំណើរមកកម្ពុជា នៅថ្ងៃត្រង់នេះ។

តាមការឲ្យដឹងពីមន្ត្រីសារព័ត៌មាននៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ក្រុមជម្រើសជាតិបារ៉ែន នឹងមកដល់ទឹកដីកម្ពុជា នាវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកញ្ញា នេះផ្ទាល់តែម្ដង តាមជើងហោះហើរ PG939។

មុននឹងឡើងមកកម្ពុជា បារ៉ែន ក៏បានធ្វើការផ្លាស់ប្ដូរសមាសភាពកីឡារចំនួន ១រូបផងដែរ ពោលគឺកីឡាករ Sayed Mahdi Baqer បានសម្រេចដកខ្លួនដោយសារបញ្ហារបួស និងជំនួសមកវិញដោយកីឡាករ Sayed Mohammed Adnan ដែលសុទ្ធសឹងតែជាខ្សែការពារ។

សម្រាប់ក្រុមជម្រើសជាតិបារ៉ែន មុននឹងឡើងមកកម្ពុជា គឺបានប្រកួតស្មើជាមួយ ជម្រើសជាតិអ៊ីរ៉ាក់ នៅក្នុងជំនួបបើកពូលដូចគ្នា ដោយលទ្ធផល ១ទល់១ លើទឹកដីនៃប្រទេសបារ៉ែនផ្ទាល់ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

គួររំលឹកផងដែរថា ជំនួបទី២ ក្នុងពូល C រវាងកម្ពុជា ជាមួយ បារ៉ែន គឺនឹងធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ ខណៈការប្រកួតក៏ននឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់បារ៉ែន | BHA

អត្ថបទ៖ ណារ៉ុង 

មតិយោបល់