ការប្រកួតរវាងកម្ពុជា ជាមួយ ហុងកុង មានចំនួនចូលរួមទស្សនាច្រើនលំដាប់ទី២ បន្ទាប់ពី ឥណ្ឌូនេស៊ី ជាមួយ ម៉ាឡេស៊ី

មាស សុផាណារ៉ុង September 6, 2019


 

ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ក្នុងជំនួបបើកឆាកពូល C រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសហុងកុង កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ត្រូវបានចាត់ទុកថាមានចំនួនអ្នកចូលរួមទស្សនាច្រើនលំដាប់ទី២ បន្ទាប់ពី ឥណ្ឌូនេស៊ី ជាមួយ ម៉ាឡេស៊ី។ នេះបើយោងតាមទិន្នន័យរបស់ FIFA។

យោងតាមទិន្នន័យដែលស្រង់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) បានបង្ហាញថា ចំនួនអ្នកចូលរួមទស្សនាការប្រកួតរវាង ឥណ្ឌូនេស៊ី ជាមួយ ម៉ាឡេស៊ី នៅក្នុងការប្រកួតពានរង្វាន់ដូចគ្នា ប្រចាំពូល G មានចំនួនច្រើនជាងគេ ពោលគឺរហូតដល់ ៥៤,៦៥៩នាក់ នៅកីឡដ្ឋាន Gelora Bung Karno Main Stadium ដែលជាទឹកដីរបស់ឥណ្ឌូនេស៊ី។

ដោយឡែកការប្រកួតរវាងកម្ពុជា ជាមួយ ហុងកុង កាលពីយប់មិញដូចគ្នា គឺសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ស្រង់បានចំនួនអ្នកចូលរួមទស្សនា ៤៥,៥០០នាក់។ ចំនួននេះផងដែរ ត្រូវបានរាប់តែចំនួនសំបុត្រដែលដាក់លក់ប៉ុណ្ណោះ ខណៈចំនួនជាក់ស្ដែងតាមការប្រមាណគឺប្រហាក់ប្រហែល ៦ម៊ឺននាក់។

បន្ទាប់មកទៀតការប្រកួតដែលមានអ្នកចូលរួមទស្សនាច្រើនលំដាប់ទី៣ គឺស្ថិតនៅក្នុងការប្រកួតរវាង កូរ៉េខាងជើង ជាមួយ លីបង់ នៅកីឡដ្ឋាន Kim Il-sung Stadium ពោលគឺចំនួន ៤០,០០០នាក់ ខណៈទី៤ គឺការប្រកួតរវាងឥណ្ឌា ជាមួយ អ៊ូម៉ង់ នៅកីឡដ្ឋាន Indira Gandhi Athletic Stadium ជាមួយចំនួនអ្នកគាំទ្រ ២២,៧៩៨នាក់ និងលំដាប់ទី៥ ការប្រកួតរវាង ថៃ ជាមួយ វៀតណាម នៅកីឡដ្ឋាន Thammasat Stadium មានចំនួនអ្នកចូលរួមទស្សនា ១៩,០១១នាក់។

យ៉ាងណាមិញ និយាយពីកម្ពុជា ក្រោយចែកគ្នា ១ពិន្ទុម្នាក់ ជាមួយក្រុមភ្ញៀវហុងកុង កាលពីយប់មិញ ក្រុមជម្រើសជាតិកម្ពុជា ត្រូវត្រៀមខ្លួនកាន់តែល្អ ដើម្បីស្វាគមន៍ក្រុមខ្លាំងបារ៉ែន ដែលកំពុងឈរលេខរៀងទី១០៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក នាថ្ងៃទី១០ ខែកញ្ញាសប្ដាហ៍ក្រោយ នៅលើទីលានពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់