សំបុត្រចូលទស្សនាការប្រកួត កម្ពុជា ជាមួយ បារ៉ែន ចាប់ផ្ដើមលក់ថ្ងៃនេះ

មាស សុផាណារ៉ុង September 6, 2019


 

ភ្នំពេញ៖ ក្រោយចែកគ្នា ១ពិន្ទុម្នាក់ ជាមួយក្រុមភ្ញៀវហុងកុង កាលពីយប់មិញ ក្រុមជម្រើសជាតិកម្ពុជា ត្រូវត្រៀមខ្លួនកាន់តែល្អ ដើម្បីស្វាគមន៍ក្រុមខ្លាំងបារ៉ែន ដែលកំពុងឈរលេខរៀងទី១០៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក នាថ្ងៃទី១០ ខែកញ្ញាសប្ដាហ៍ក្រោយ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ទន្ទឹមជាមួយគ្នា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសលក់សំបុត្រ សម្រាប់ចូលទស្សនាការប្រកួត រវាងក្រុមគោព្រៃកម្ពុជា និងបារ៉ែន ហើយដែរ ដោយចាប់ផ្ដើមលក់ថ្ងៃនេះ ហើយរក្សាតម្លៃនៅដដែល ពោលគឺសំបុត្រ VIP សម្រាប់កន្លែងអង្គុយមានដំបូលតម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាមានតម្លៃ ៥,០០០រៀល។

ចំពោះលទ្ធផលបណ្ដោះអាស្ន ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី ក្រុមនីមួយៗ សុទ្ធតែរកបាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើគ្នា ១-១ កាលពីយប់មិញ លើកលែងតែអ៊ីរ៉ង់ ដែលមិនទាន់ប្រកួត។ ដូច្នេះការជួបគ្នា រវាងកម្ពុជា និងបារ៉ែន នាថ្ងៃអង្គារសប្ដាហ៍ក្រោយ គឺជាការប្រកួតដ៏សំខាន់ ដើម្បីដណ្ដើមចំណាត់ថ្នាក់ល្អ ក្នុងតារាងពិន្ទុ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់