Felix ថា៖ «យើងត្រូវការអត់ធ្មត់ច្រើន ដើម្បី សៀង ចន្ធា អភិវឌ្ឍន៍សមត្ថភាពបានល្អ»

មាស សុផាណារ៉ុង September 6, 2019


 

ភ្នំពេញ៖ អ្នកគាំទ្របានចាប់អារម្មណ៍ជាខ្លាំង ចំពោះទម្រង់លេងរបស់កីឡាករវ័យក្មេង សៀង ចន្ធា ពិសេសរាល់ពេលគេបង្ហាញខ្លួនលើទីលានម្ដងៗ តែងតែបង្កើតឱកាសបញ្ចប់ទី។ ទន្ទឹមជាមួយគ្នា ក៏មានអ្នកខ្លះមានចម្ងល់ថា ហេតុអ្វីក្នុងក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) ចន្ធា មិនត្រូវបានផ្ដល់ឱកាសឲ្យលេងជម្រើស ១១នាក់ដំបូង?

ពាក់ព័ន្ធនឹងចម្ងល់នេះ ត្រូវបានលោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បញ្ជាក់ថា លោកទទួលស្គាល់ ចំពោះសមត្ថភាព និងការខិតខំប្រឹងរបស់ សៀង ចន្ធា ប៉ុន្ដែគ្រប់គ្នាត្រូវការអត់ធ្មត់ ដើម្បីធ្វើឲ្យគេ មានការអភិវឌ្ឍសមត្ថភាពកាន់តែល្អប្រសើរ។ លោកលើកឡើងថា៖ «ក្នុងនាមគ្រូបង្វឹក យើងតែងព្យាយាមដាក់កីឡាករក្នុងតួនាទីណាមួយ ធ្វើឲ្យកីឡាករយើងកាន់តែជោគជ័យ ហើយត្រូវតែស្វែងរកស្ថានភាពដ៏ល្អបំផុត ដើម្បីធ្វើឲ្យកីឡាករយើងជោគជ័យ។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបន្ដថា៖ «ដូចយើងដឹង ចន្ធា នៅក្មេង ទើបវ័យប្រហែល ១៧ឆ្នាំ។ ប្រាកដណាស់ ពួកយើងត្រូវការភាពអត់ធ្មត់ច្រើនសម្រាប់គាត់ ដើម្បីឲ្យគាត់មានការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខទៀតបានល្អ ម្ដងបន្ដិចៗសម្រាប់គាត់។ ប៉ុន្ដែប្រហែលជាប្រកួតក្រោយ ចន្ធា អាចលេងមុនក៏ថាបាន។» នេះជាការលើកឡើងក្រោយ សៀង ចន្ធា ត្រូវបានប្ដូរជំនួយ ហ៊ួយ ផល្លីន នៅនាទី៥៧ ខណៈកម្ពុជា ប្រកួតស្មើហុងកុង ១-១ កាលពីយប់មិញ។

គួរដឹងថា ក្រោយចូលលេងជាង ៣០នាទីកាលពីយប់មិញ យុវជនសាលាបាល់ទាត់ជាតិបាទីខាងលើ ស្ទើរតែរកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមគោព្រៃកម្ពុជា ក្រោយបង្កើតម្ដងជាពីរដង ដែលធ្វើឲ្យអ្នកគាំទ្រ នៅតែកត់សម្គាល់ និងស្ងើចសរសើរ ចំពោះកីឡាករវ័យក្មេងរូបនេះ ពិសេសគឺការហ៊ានលេង និងញាក់ខ្សែការពាររបស់ហុងកុង ដែលមានមាឌធំៗជាងខ្លួនតែម្ដង៕

 

អត្ថបទ៖ បុត្រា

មតិយោបល់