គ្រូកម្ពុជា ថាមិនពេញចិត្តនឹងលទ្ធផល តែក៏មិនខកចិត្ត ក្រោយស្មើជាមួយហុងកុង

មាស សុផាណារ៉ុង September 5, 2019


 

ភ្នំពេញ៖ លោក Filex Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក្រោយពីបាននាំក្រុមប្រកួតស្មើជាមួយ ក្រុមជម្រើសកោះហុងកុង ក្នុងលទ្ធផល ១ទល់១ នៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) បានបញ្ជាក់ថា «មិនពេញចិត្តនឹងលទ្ធផល តែក៏មិនខកចិត្តដែរ» ក្រោយស្មើជាមួយហុងកុង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Filex G.Dalmas បានលើកឡើងថា៖ «សម្រាប់មតិរបស់ខ្ញុំ ពួកយើងមិនពេញចិត្តនឹងលទ្ធផលនេះទេ តែក៏មិនខកចិត្តដែរ ពួកយើងបានធ្វើការងារជាមួយកីឡាកររយៈពេល ១ឆ្នាំមកហើយ។ ប៉ុន្ដែនេះត្រឹមជាមូលដ្ឋានគ្រឹះប៉ុណ្ណោះ។ ខ្ញុំគិតថា ប្រជាជនកម្ពុជា គួរតែសប្បាយចិត្ត សម្រាប់អ្វីដែលកីឡាកររបស់យើងបានធ្វើនៅលើទីលានថ្ងៃនេះ។ យើងមិនចង់ធ្វើជាក្រុមមួយ ដែលតូច ឬខ្សោយ ទៅលេងជាមួយក្រុមមួយខ្លាំងនោះទេ។ អ្វីដែលខ្ញុំនិយាយ… ព្រោះកីឡាករយើងមានភាពក្លាហាន និងហ៊ានលេងគ្រប់កាលៈទេសៈ ទាំងនេះគឺជាអ្វីដែលអ្នកគាំទ្រ។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះបានបន្តទៀតថា៖ «នេះគឺជាមូលដ្ឋានគ្រឹះរបស់កីឡាករកម្ពុជារបស់យើង ដូច្នេះទោះប៉ះក្រុមណាក៏ដោយ ហើយនៅតែរក្សាទម្រង់លេងបែបនេះដដែល។ ទោះបីជាយើងត្រូវគេនាំមុខ ១ទល់០ ក៏ដោយ តែយើងព្យាយាមលេង និងរក្សាបាល់ រហូតយើងធ្វើបានសម្រេចមកវិញ ទោះបីវាជួបការលំបាកក្នុងបាល់ទាត់ក្ដី។» 

លោកបានបន្ថែមចុងក្រោយថា៖ «ការលេងថ្ងៃនេះ មិនមែនជាគុណសម្បត្តិតែកីឡាករលេងលើទីលាននោះទេ គឺផ្ដើមចេញពីកីឡាករ ៣៥នាក់ ដែលបានចាប់ផ្ដើមការហ្វឹកហាត់ពីថ្ងៃដំបូង។ និយាយរួម គឺបាល់ទាត់ គឺត្រូវការបែបនេះ ដោយកីឡាករត្រូវធ្វើការជាក្រុម និងសហការគ្នាជានិច្ច។»

សូមបញ្ជាក់ថា កម្ពុចា នឹងមានការប្រកួតមួយប្រកួតទៀតនៅក្នុងពូល C នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយជម្រើសជាតិបារ៉ែន ដែលជាការប្រកួតទី២ ប្រចាំពូលនេះ ខណៈពេលនេះផងដែរ កម្ពុជា កាន់ ១ពិន្ទុក្នុងដៃ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់