គ្រូហុងកុង មិនសប្បាយចិត្តនឹងលទ្ធផល ប៉ុន្តែថាក្រុមកម្ពុជា រីកចម្រើនលឿនខ្លាំង និងមានចក្ខុវិស័យច្បាស់លាស់

នូ មករា September 5, 2019


 

ភ្នំពេញ៖ ក្រោយការប្រកួត FIFA World Cup Qatar 2022, Qualification Round 2 បានបញ្ចប់ជាមួយនឹងលទ្ធផល ១-១ រួចមក លោក Mika Matti Paatelainen គ្រូបង្វឹកក្រុមជម្រើសកោះហុងកុងបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា លោកមើលឃើញពីការអភិវឌ្ឍន៍របស់ក្រុមជម្រើសជាតិកម្ពុជា ពោលគឺមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងការប្រកួតកន្លងមក។

លោកបានលើកឡើងថា៖ « កម្ពុជា គឺជាក្រុមដែលមានកីឡាករមានល្បឿនលឿនដែលបង្កបញ្ហាដល់ក្រុមខ្ញុំ តែយ៉ាងណាខ្ញុំក៏សប្បាយចិត្តនឹងការខំប្រឹងរបស់កីឡាករយើងដែលបានព្យាយាមប្រយុទ្ធរហូតចប់ការប្រកួត ៩០នាទី ហើយយ៉ាងហោចណាស់ក៏យើងរកបានគ្រាប់បាល់ និងទទួលបាន ១ពិន្ទុក្នុងដៃដែរ ប៉ុន្តែលទ្ធផលនេះខ្ញុំមិនពេញចិត្តនោះទេ ព្រោះខ្ញុំមកទីនេះ ដើម្បីទទួលបាន ៣ពិន្ទុ តែយើងដឹងថាវាមិនងាយស្រួលនោះទេសម្រាប់ការប្រកួតក្រៅដី។»

បុរសជនជាតិហ្វាំងឡង់រូបនេះបានបន្ថែមថា៖ « កម្ពុជា គឺជាក្រុមមួយដែលមានការអភិវឌ្ឍន៍ និងរីកចម្រើនលឿនខ្លាំងមែនទែន ដែលធ្វើការប្រកួតនេះមានភាពទាក់ទាញកាន់តែខ្លាំង ហើយក្រុមកម្ពុជា មានផែនការច្បាស់លាស់ មានទស្សនៈ និងចក្ខុវិស័យច្បាស់លាស់ វាពិតជាការប្រកួតក្នុងដីដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ព្រោះជាការប្រកួតមុខអ្នកគាំទ្ររបស់ខ្លួន ហើយវាពិតជាមិនងាយស្រួលនោះទេសម្រាប់ក្រុមយើងហើយយើងនឹងព្យាយាមកែប្រែឲ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។»

 

អត្ថបទ៖ បុត្រា

មតិយោបល់