អ្នកគាំទ្រកម្ពុជាធ្លាប់បំបែកកំណត់ត្រា ក្នុងវគ្គជម្រុះជុំទី២ បាល់ទាត់ពិភពលោក លើស ៦ម៊ឺននាក់ ក្នុងជំនួបបើកពូលកាលពីឆ្នាំ២០១៥

មាស សុផាណារ៉ុង September 5, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសហុងកុង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជំនួបបើកឆាកពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ខណៈបើក្រឡេកទៅឆ្នាំ២០១៥ ក្នុងជំនួបបើកឆាកពានរង្វាន់ដូចគ្នានេះ អ្នកគាំទ្រកម្ពុជា ធ្លាប់បំបែកកំណត់ត្រា មានអ្នកចូលរួមទស្សនាច្រើនជាងគេ ក្នុងចំណោម ១៦០ប្រកួត សម្រាប់វគ្គជម្រុះប្រចាំទ្វីបអាស៊ី មួយនេះ។

អ្នកគាំទ្រកម្ពុជា នៅពហុកីឡដ្ឋានជាតិ ( រូបភាព៖ gettyimages | NurPhoto )

រំលឹកទៅ កាលពីឆ្នាំ២០១៥ កម្ពុជា បានឆ្លងកាត់ការប្រកួតជម្រុះជុំទី១ ( 2018 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2019 AFC Asian Cup qualification ) ដោយឈ្នះម៉ាកាវ ទាំងពីរជើង ៤ទល់១ និងទទួលបានកៅអីឡើងទៅវគ្គជម្រុះជុំទី២ ហើយត្រូវបានចាប់ឆ្នោតចូលពូល E ជាមួយ ជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និងសិង្ហបុរី។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ កម្ពុជា ត្រូវបើកទំព័រប្រកួតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ជុំទី២ ជាលើកដំបូង ចាប់តាំងពីមានឱកាសចូលប្រកួតវគ្គជម្រុះជាលើកដំបូងនៅឆ្នាំ១៩៩៨ ដោយបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ ក្រុមជម្រើសជាតិសង្ហបុរី។ គ្រានោះហើយ ដែលកំណត់ត្រាបានកត់អ្នកគាំទ្រកម្ពុជា បានចូលរួមទស្សនាវគ្គជម្រុះនេះច្រើនជាងគេបង្អស់ ពោលគឺរហូតដល់ ៦៣,០០០ នាក់ លើសចំនួនផ្ទុកកីឡដ្ឋានដែលចំណុះបាន ៥០,០០០នាក់ និងបើធៀបទៅនឹងចំនួនអ្នកគាំទ្រច្រើនជាងគេលំដាប់ទី២ គឺ ៥៧,៥៣៣នាក់ ជំនួបរវាង ជប៉ុន ជាមួយ សិង្ហបុរី ដែលជាក្រុមរួមពូលរបស់កម្ពុជា លើទឹកដីជប៉ុន។

ការប្រកួតរវាងជប៉ុន ជាមួយ សិង្ហបុរី នៅកីឡដ្ឋាន Saitama Stadium ( រូបភាព៖ AFP )

យ៉ាងណាមិញ អ្នកគាំទ្រកម្ពុជា ជាថ្មីម្ដងទៀត បានឈរកំណត់ត្រាចំនួនអ្នកគាំទ្រច្រើនជាងគេលំដាប់ទី៣ ពោលគឺចំនួន ៥០,០០០នាក់ ក្នុងជំនួបជាមួយ អាហ្វហ្គានីស្ថាន នៅពហុកីឡដ្ឋានជាតិដដែល កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥។

សង្ខេបចំនួនអ្នកចូលរួមទស្សនាច្រើនជាងគេ ចំនួន ៥ រួមមាន៖

  • កម្ពុជា ជាមួយ សិង្ហបុរី ចំនួនអ្នកចូលរួមទស្សនា ៦៣,០០០នាក់
  • ជប៉ុន ជាមួយ សិង្ហបុរី ចំនួនអ្នកចូលរួមទស្សនា ៥៧,៥៣៣នាក់
  • កម្ពុជា ជាមួយ អាហ្វហ្គានីស្ថាន ចំនួនអ្នកចូលរួមទស្សនា ៥៥,០០០នាក់
  • ជប៉ុន ជាមួយ កម្ពុជា ចំនួនអ្នកចូលរួមទស្សនា ៥៤,៧១៦នាក់
  • ថៃ ជាមួយ ឆាយនីសតៃប៊ិ ចំនួនអ្នកចូលរួមទស្សនា ៥០,០០០នាក់

ដោយឡែកសម្រាប់ការប្រកួតល្ងាចនេះ តាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាសំបុត្រប្រភេទ១ បានលក់អស់តាំងពីថ្ងៃទី០១ ខែកញ្ញា ស្របពេលដែលសំបុត្រប្រភេទ២ គឺនៅសល់ប្រហែលជាង ១ម៊ឺនសន្លឹក ប៉ុន្តែត្រូវបានប្រកាសលក់អស់ផងដែរនៅវេលាម៉ោង ២:៣០ នាទីរសៀល ពោលគឺ ៤ម៉ោងមុនការប្រកួតមកដល់។

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ហុងកុង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា នេះ លើទឹកដីកម្ពុជា នាវេលាម៉ោង ៦:៣០ នាទីល្ងាច នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់