Super Stars ២រូប ផ្ញើសារជូនគោព្រៃកម្ពុជា និងបញ្ជាក់មូលហេតុខ្លះៗ មុនប៉ះហុងកុងល្ងាចនេះ

មាស សុផាណារ៉ុង September 5, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសហុងកុង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជំនួបបើកឆាកពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ជាមួយគ្នាផងដែរ កីឡាករដ៏មានប្រជាប្រិយ ២រូប ដែលត្រូវបានអ្នកគាំទ្រចាត់ទុកជា Super Stars រួមមានកីឡាករ ប្រាក់ និងកីឡាករ ចាន់ វឌ្ឍនាកា ក៏បានផ្ញើសារជូនពរក្រុមគោព្រៃកម្ពុជា ក៏ដូចជាអំពាវនាវអ្នកគាំទ្រ ចូលរួមទស្សនាឲ្យបានច្រើនកុះករផងដែរ។

មិនតែប៉ុណ្ណោះ ប្រាក់ មុន្នីឧត្តម ក៏បានបញ្ជាក់មូលហេតុខ្លះៗ ជុំវិញការមិនបានចូលរួមជួយក្រុមជម្រើសជាតិលើកនេះទៀតផង។ ប្រាក់ មុន្នីឧត្តម បាននិយាយថា៖ «ខ្ញុំសូមជូនពរក្រុមជម្រើសជាតិយើងទទួលបានជោគជ័យល្ងាចនេះ ហើយខ្ញុំសំណូមពរបងប្អូនអ្នកគាំទ្រ ចូលរួមទស្សនាឲ្យបានច្រើន ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ព្រោះនេះជាការប្រកួតដំបូង និងជាការប្រកួតដ៏សំខាន់របស់ក្រុមជម្រើសជាតិយើងផងដែរ។»

ឧត្តម បន្ដថា៖ «ដោយសារខ្ញុំរបួស ខ្ញុំអត់បានចូលរួម។ តែសំខាន់កីឡាករយើងជាក្រុម និងទង់ជាតិរបស់យើង ចង់និយាយថា កីឡាករណាលេង ក៏ដូចគ្នាដែរបង ព្រោះបាល់ទាត់លេងជាក្រុម ចឹងខ្ញុំគិតថា ទោះអវត្តមានកីឡាករមួយចំនួន ក៏មិនប៉ះពាល់ក្រុមជម្រើសជាតិដែរ។ ខ្ញុំគិតថា លោកគ្រូ គាត់កម្រិតពិភពលោកហើយ ចឹងការរើសកីឡាករ គាត់មានគោលដៅ និងរបៀបលេងរបស់គាត់ ចឹងគាត់នឹងយល់ច្រើនពីកីឡាករយើង។»

ដោយឡែកខ្សែប្រយុទ្ធដ៏សំខាន់របស់ក្លឹបបឹងកេត ចាន់ វឌ្ឍនាកា បានបញ្ជាក់សារអេឡិចត្រូនិកដូចគ្នាថា៖ «ខ្ញុំសូមជូនពរពួកគាត់ (ក្រុមជម្រើសជាតិកម្ពុជា) ទទួលបានជោគជ័យនាថ្ងៃនេះ ហើយខ្ញុំក៏អរគុណពួកគាត់ (អ្នកគាំទ្រ) ដែលតែងបារម្ភស្ថានភាពខ្ញុំពេលនេះដែរ។»

លើសពីនេះ វឌ្ឍនាកា ក៏បានបញ្ជាក់លើបណ្ដាញសង្គមផ្ទាល់ខ្លួន រូបគេនឹងចូលរួមទស្សនា និងធ្វើជា FAN ម្នាក់របស់ក្រុមជម្រើសជាតិកម្ពុជាល្ងាចនេះផងដែរ។

គួរបញ្ជាក់ថា កម្ពុជា ប៉ះហុងកុង គឺជាប្រកួតដំបូង ក្នុងវគ្គជម្រុះ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ខណៈកម្ពុជា ស្ថិតក្នុងពូល C ដែលប្រជុំដោយក្រុមខ្លាំងៗ ដូចជាអ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងហុងកុង។ ជាក់ស្ដែងក្រោយជួបហុងកុង នៅថ្ងៃទី១០ ខែកញ្ញាខាងមុខ ក្រុមគោព្រៃកម្ពុជា នឹងបន្ដបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិវិញម្ដង នៅលើទីលានពហុកីឡដ្ឋានជាតិដដែល៕

 

អត្ថបទ៖ បុត្រា

មតិយោបល់