មូលហេតុ ដាវ នីម ជាប់ជម្រើស ២៥នាក់ចុងក្រោយ ត្រៀមប្រកួតជម្រុះ World Cup!

មាស សុផាណារ៉ុង September 4, 2019


 

ភ្នំពេញ៖ អ្នកគាំទ្របានសម្ដែងការសាទរ ចំពោះកីឡាករកម្ពុជាក្រោម ដាវ នីម ដែលបានជាប់ជម្រើស ២៥នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 និងពានរង្វាន់ AFC Asian Cup 2023 ជុំទី២-តំបន់អាស៊ី ជាមួយហុងកុង និងបារ៉ែន នាពេលឆាប់ៗខាងមុខ ។

ទន្ទឹមជាមួយគ្នា លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏បានបង្ហើបពីមូលហេតុមួយចំនួន ដែលនាំឲ្យសមាជិកក្លឹបគិរីវង់សុខសែនជ័យរូបនេះ ជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយនេះផងដែរ ពិសេសពាក់ព័ន្ធការខិតខំប្រឹង ទាំងការហ្វឹកហាត់ និងយកចិត្តទុកដាក់លើទីលាន ពិសេសមានឆន្ទៈចង់លេងតំណាងជាតិរបស់ខ្លួន ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកមិញថា៖ «ខ្ញុំឃើញ ដាវ នីម ពិតជាមានការខិតខំប្រឹងប្រែង ក៏ដូចជាបង្ហាញទម្រង់លេងល្អ នៅលើទីលាន ។ យើងបានវិភាគ នឹងឲ្យតម្លៃទៅលើ ដាវ នីម ដូចគ្នា យើងចង់ឲ្យ ដាវ នីម ស៊ាំជាមួយក្លឹប តើគាត់បានធ្វើអ្វីខ្លះជាមួយក្លឹប ហើយយើងនឹងមើលគាត់បន្ដទៀត។»

គួរដឹងថា ដាវ នីម ត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ ២លើកមកហើយ ខណៈលើកទី១ គេបានជាប់ត្រឹមបញ្ជីឈ្មោះបឋម តែលើកទី២ ទើបកីឡាករកម្ពុជាក្រោមរូបនេះ ត្រូវបានគ្រូជម្រើសជាតិផ្ដល់ឱកាសឲ្យជាប់ក្រុមធំលើកដំបូង ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ពិសេសជំនួបជាមួយហុងកុង នាថ្ងៃទី០៥-កញ្ញា និងប៉ះបារ៉ែន នាថ្ងៃទី១០-កញ្ញាខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់