គ្រូកម្ពុជា មិនសូវបារម្ភជាមួយកីឡាករកាយសម្បទាធំ និងកីឡាករចូលសញ្ជាតិរបស់ហុងកុង

មាស សុផាណារ៉ុង September 4, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបរបៀបដើម្បីទប់ទល់ជាមួយកីឡាករកាយសម្បទាធំ និងកីឡាករចូលសញ្ជាតិរបស់ហុងកុង ក្នុងជំនួបបើកពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )។

ជុំវិញសំណួរដែលចោទសួរថា តើមានវិធីសាស្ត្របែបណាដើម្បីខ្សែការពារកម្ពុជា អាចទប់ទល់ជាមួយនឹងកីឡាកររបស់ហុងកុង ដែលមានកាយសម្បទាធំ និងពោរពេញទៅដោយកីឡាករចូលសញ្ជាតិ? លោក Felix G.Dalmas បានលើកឡើងថា៖ «ជារឿយៗ យើងតែងតែជួបក្រុមដែលមានប្រៀបជាងយើង ឧទាហរណ៍ដូចជាប៉ាគីស្ថាន ដែលមានកីឡាករខ្ពស់ៗដូចគ្នា ដូច្នេះគំនិតរបស់យើងគឺនៅតែដដែល យើងចង់មានបាល់ រក្សាបាល់ ហើយអ្វីៗប្រែប្រួលទៅតាមគូប្រកួតរបស់យើង ពិតណាស់ទោះបីជាក្បួនលេងមានការប្រែប្រួល ឬបន្ថែម ប៉ុន្តែរបៀបដែលយើងចង់លេង របៀបដែលកម្ពុជាចង់លេងគឺមិនប្រែប្រួលឡើយ យើងចង់បង្ហាញពីភាពក្លាហាន និងតែងតែលេងបាល់ទាត់ដែលយើងចង់លេង។» 

មានយោបល់ទៅលើគូប្រកួតហុងកុង គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបន្តថា៖ «ហុងកុងគឺជាក្រុមដែលខ្លាំង ជាក្រុមដែលមានការប្រកួតប្រជែងខ្លាំង ខ្ញុំដឹងថាគ្រូបង្វឹករបស់គេទើបតែចាប់ផ្ដើមការងារជាមួយពួកគេ នៅប្រកួតដំបូងយើងអាចមើលឃើញពីរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ដែលគាត់បានព្យាយាមធ្វើ ដូច្នេះគេគឺជាក្រុមដែលយើងគោរព ហើយគ្រប់កីឡាករ មិនមែនតែម្នាក់ ពោលគឺទាំងអស់ដែលសុទ្ធតែល្អ និងមានភាពរួមគ្នា ដូច្នេះជាមួយនឹងការគោរពនេះ យើងរៀបចំការប្រកួត ហើយពិតណាស់យើងនឹងព្យាយាមលេងតាមរបៀបបាល់ទាត់ ហុងកុង ពិតជាមានកាយសម្បទាច្រើនជាងយើង ប៉ុន្តែយើងនឹងព្យាយាមរកវិធីដោះស្រាយនៅលើទីលាន។»

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ហុងកុង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ស្អែកនេះលើទឹកដីកម្ពុជា នាវេលាម៉ោង ៦:៣០ នាទីល្ងាច នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់