លោក Felix និង សឿយ វិសាល មានទំនុកចិត្តថាការប្រកួតជាមួយហុងកុង នឹងក្លាយជាការប្រកួតដែលអស្ចារ្យសម្រាប់អ្នកគាំទ្រទស្សនា

មាស សុផាណារ៉ុង September 4, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាកីឡាករ សឿយ វិសាល បានលើកឡើងអំពីទំនុកចិត្តថាការប្រកួតជាមួយ ជម្រើសកោះហុងកុង ក្នុងជំនួបបើកពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នឹងក្លាយជាការប្រកួតដែលអស្ចារ្យសម្រាប់អ្នកគាំទ្រទស្សនា។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតមកដល់ លោក Felix Dalmas បានលើកឡើងថា៖ «សម្រាប់ការប្រកួតថ្ងៃស្អែក យើងមានអារម្មណ៍ដូចដែលយើងធ្លាប់បានធ្វើកន្លងមក វាគឺជាការប្រកួតប្រជែងដ៏ល្អសម្រាប់យើង ជាមួយវិធីសាស្ត្រដ៏ពិសេស និងការប្រកួតជាមួយក្រុមដែលខ្លាំង ហើយយើងសង្ឃឹមថាវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រទស្សនា»

ភ្ជាប់ជាមួយគ្នាផងដែរ កីឡាករ សឿយ វិសាល ក៏មានយោបល់ស្រដៀងគ្នាទៅនឹងគ្រូបង្វឹក ដោយបានសង្កត់ធ្ងន់ថា នឹងធ្វើឲ្យគាំទ្រកម្ពុជា មានការភ្ញាក់ផ្អើល។ «ខ្ញុំយល់ឃើញថា សម្រាប់ការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតមួយដែលល្អសម្រាប់ក្រុមរបស់ពួកយើង ហើយនឹងធ្វើឲ្យអ្នកគាំទ្រទាំងអស់គ្នាភ្ញាក់ផ្អើល នឹងដឹងថាកម្ពុជារបស់យើង វិស័យបាល់ទាត់ដល់កម្រិតណា នៅថ្ងៃស្អែក នឹងភ្ញាកើផ្អើលនៅថ្ងៃស្អែក។» សម្ដីទាំងស្រុងរបស់ សឿយ វិសាល។

លោកបានថ្លែងចុងក្រោយនៅក្នុងសន្និសិទសារព័ត៌មានថា អរគុណដល់អ្នកគាំទ្រ ដែលតែងតែគាំទ្រកីឡាករជានិច្ច ហើយលោកនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព រួមជាមួយកីឡាកររបស់លោកផងដែរ នូវអ្វីដែលពួកគេមាន ដើម្បីនាំមកនូវជ័យជម្នះជូនប្រជាជនកម្ពុជា ជាពិសេសអ្នកដែលស្រលាញ់បាល់ទាត់ ដូច្នេះលោកសំណូមពរឲ្យសុំបន្តជួយគាំទ្រក្រុមមួយនេះ។

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ហុងកុង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ស្អែកនេះលើទឹកដីកម្ពុជា នាវេលាម៉ោង ៦:៣០ នាទីល្ងាច នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់