លោក Conor Nestor ព្យាករណ៍ថាកម្ពុជាអាចនឹងទទួលបានពិន្ទុខ្លះ ពីជុំទី ២ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក

មាស សុផាណារ៉ុង September 4, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមយុទ្ធនាការប្រកួតក្នុងការប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ប្រចាំពូល C នៅថ្ងៃព្រហស្បតិ៍នេះ ដោយនឹងស្វាគមន៍ ជម្រើសកោះហុងកុង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងពូល C កម្ពុជា នឹងត្រូវជួបហុងកុង, បារ៉ែន, អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងការប្រកួតក្នុងផ្ទះ និងក្រៅស្រុកដោយលោក Conor Nestor ព្យាករណ៍ថាកម្ពុជាអាចទទួលបាន ៤ពិន្ទុ មានន័យថាទំនងជាមិនឡើងទៅវគ្គបន្ទាប់ឡើយ។

គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ដែលដឹកនាំក្រុមស្វាយរៀង ឈរកំពូលតារាងលីគកំពូលកម្ពុជារដូវកាលនេះ ជឿជាក់ថាហុងកុងគួរតែជាក្រុមដែល ក្រុមរបស់លោក Felix Dalmas អាចរកបានពិន្ទុ។

Conor Nestor បានថ្លែងប្រាប់សារព័ត៌មាន camsports.org ថា៖ «វាជារឿងលំបាកមួយ ដែលនៅរួមពូលជាមួយអ៊ីរ៉ង់ ដែលជាក្រុមខ្លាំងបំផុតមួយក្នុងចំណោមក្រុមដែលបានប្រកួត World Cup ចុងក្រោយ។ ទាំងអ៊ីរ៉ាក់ និងបារ៉ែន បានលេងក្នុងព្រឹត្តិការណ៍ Asian Cup កាលពីខែមករា ប៉ុន្តែខ្ញុំជឿជាក់លើទេពកោសល្យនៅទីនេះ ហើយនឹងផែនការដែលគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាកំពុងធ្វើ។»

«ខ្ញុំគិតថាពួកគេ [កម្ពុជា] អាចទទួលបានជ័យជម្នះ ១លើក និងស្មើ ១លើក ក្នុងពូលហើយនេះគឺជាដំណើរការមួយ។ ពួកគេត្រូវតែតម្រង់ទិសដៅទៅលើហុងកុង ទាំងក្នុងផ្ទះ និងក្រៅដី។ វាមិនងាយស្រួលនោះទេព្រោះហុងកុងឈ្នះ ៤ប្រកួតចុងក្រោយដែលពួកគេលេងនៅកម្រិតនេះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។ នៅពេលអ្នកក្រឡេកមើលការពិត កីឡាកររបស់ពួកគេភាគច្រើនលេងនៅលីគហុងកុង ហើយពួកគេត្រូវតែប្រឹងប្រែងសម្រាប់ការប្រកួតនេះ ដោយជំនឿចិត្ត។» លោក Conor បានបន្ថែម។

បន្ថែមលើសពីនេះគ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលរូបនេះបានបញ្ជាក់អំពីទម្រង់របស់កម្ពុជា ថា៖ «ខ្ញុំមិនជឿថាក្រុមជម្រើសជាតិកម្ពុជា មិនទទួលបានការគោរពចំពោះការបង្ហាញទម្រង់លេង និងលទ្ធផលរបស់ពួកគេកាលពីប្រកួតជាមួយនឹងប៉ាគីស្ថាន នោះឡើយ។ ប៉ាគីស្ថាន ជាក្រុមដែលមានកីឡាករ ៤ ទៅ ៥ នាក់លេងនៅអឺរ៉ុប ហើយកម្ពុជាមិនត្រឹមតែយកឈ្នះពួកគេ ២ដងប៉ុណ្ណោះទេ ថែមទាំងលេងបានល្អជាគូប្រកួតរបស់គេថែមទៀតផង។»

«អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ប្រធានក្រុមប៉ាគីស្ថាន Zesh Rehman ដែលប្រកបអាជីពជាមួយក្លឹបនៅហុងកុង។ ប្រហែលនោះបង្ហាញថាកម្ពុជាមានអ្វីដែលត្រូវការ ដើម្បីឈ្នះការប្រកួតនេះ។» លោក Conor Nestor សង្កត់ធ្ងន់។

 

រូបភាព៖ 香港超級聯賽 Hong Kong Premier League

អត្ថបទ៖ ហុយ សុភ័ក្ត្រ

មតិយោបល់