ក្រុមហុងកុង ធ្វើដំណើរមកដល់ទឹកដីកម្ពុជាហើយនាល្ងាចថ្ងៃទី៣ ខែកញ្ញានេះ

នូ មករា September 3, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសកោះហុងកុង ដែលត្រូវតតាំងជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) វគ្គជម្រុះជុំទី២ បានធ្វើដំណើរមកកម្ពុជានៅថ្ងៃនេះដើម្បីត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ។

សូមជម្រាបថា សម្រាប់ក្រុមជម្រើសកោះហុងកុង មុននឹងឡើងមកកម្ពុជា គឺបានធ្វើការប្រមូលផ្ដុំហ្វឹកហាត់បាន ២ដងគត់ ពោលគឺនៅល្ងាចថ្ងៃទី០២ ខែកញ្ញា រយៈពេល ២ម៉ោង ហើយនឹងលើកចុងក្រោយ គឺនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ផ្ទាល់តែម្ដង មុននឹងចាកចេញមកកម្ពុជា នាវេលាល្ងាចថ្ងៃដដែលនេះ។

ចំពោះមូលហេតុដែលក្រុមនេះទើបតែប្រមូលផ្ដុំហ្វឹកហាត់បាន ២ដង គឺដោយសារកីឡាករស្ទើរតែទាំងអស់ គឺត្រូវប្រកួតតំណាងឲ្យក្លឹបរៀងៗខ្លួន ក្នុងពានរង្វាន់លីគកំពូលហុងកុង ដែលទើបតែចាប់ផ្ដើម កាលពីថ្ងៃទី៣០, ៣១ ខែសីហា និង០១ ខែកញ្ញា សម្រាប់សប្ដាហ៍ទី១ ថ្មីៗនេះ។

បន្ថែមលើសពីនេះ មុននឹងឡើងមកកម្ពុជា ហុងកុង ក៏បានធ្វើការផ្លាស់ប្ដូរសមាសភាពកីឡារចំនួន ២រូបបន្ថែមទៀតផងដែរ បន្ទាប់ពីធ្លាប់បានធ្វើការផ្លាស់ប្ដូរចំនួន ២ដងរួចមកហើយ ពោលគឺកីឡាករ LEE Ka Yiu និង XU Deshuai បានសម្រេចដកខ្លួនដោយសារបញ្ហារបួស និងជំនួសមកវិញដោយកីឡាករ CHUNG Wai Keung និង CHENG Siu Kwan ដែលទាំង ២រូបនេះសុទ្ធតែមានបទពិសោធន៍តិចតួចជាមួយក្រុម ដ្បិត CHUNG Wai Keung ធ្លាប់បង្ហាញខ្លួនឲ្យហុងកុង បាន ២ដង និង CHENG Siu Kwan ទើបតែត្រូវបានកោះហៅចូលក្រុមជាលើកដំបូងនោះ៕

 

រូបភាព៖ 香港超級聯賽 Hong Kong Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់