សមាជិក U-18 ជម្រើសជាតិកម្ពុជា ប៊ុនធឿន ប៊ុនណារ៉ុង នឹងអវត្តមានពីទីលានរយៈពេល ៨ខែ ទៅមួយឆ្នាំ

មាស សុផាណារ៉ុង September 2, 2019


 

ភ្នំពេញ៖ សមាជិកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ ដែលទើបតែបញ្ចប់ភារៈកិច្ចរបស់ខ្លួនក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម កីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង នឹងអវត្តមានពីទីលានរយៈពេល ៨ខែ ទៅមួយឆ្នាំបន្ទាប់រងរបួសដ៏ធ្ងន់ធ្ងរ។

យុវជន ប៊ុនធឿន ប៊ុនណារ៉ុង ( សមាជិកនៃក្រុមយុវជនសាលាបាល់​ទាត់ជាតិបាទី ) បានជួបនូវ​បញ្ហារបួស កាលពីជំនួបជាមួយសិង្ហបុរី ក្នុងជំនួបទី៤ ប្រចាំពូល B ដែលពេលនោះរងបរាជ័យដោយលទ្ធផល ១ទល់០ ហើយត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗនៅនាទី៤២ នៃវគ្គទី១ ក្រោយប៉ះទង្គិចជាមួយខ្សែការពាររបស់ U-18 សិង្ហបុរី។

យ៉ាងណាមិញ ប៊ុនធឿន ប៊ុនណារ៉ុង បានទទួលការព្យាបាលតាមរយៈការវះកាត់រួចរាល់ផងដែរ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម និងទទួលបានជោគជ័យ ហើយត្រូវបានសាមីខ្លួនលើកឡើងពីស្ថានភាពថា បានធូរស្បើយច្រើនផងដែរ។

ជុំវិញស្ថានភាពរបួសដដែល យុវជនវ័យ ១៧ឆ្នាំរូបនេះបានបញ្ជាក់ថា នឹងត្រូវសម្រាកពីទីលានរយៈពេលពី ៨ខែ ទៅមួយឆ្នាំទើបអាចចូលទីលានវិញបាន ដោយសារនេះជារបួសសរសៃពួរ ( ACL ) ដែលត្រូវចំណាយពេលព្យាបាលយូរ និងអត់ធ្មត់បំផុតទើបអាចវិលមករកភាពដើមវិញបាន។ «ACL ត្រូវចំណាយរយៈពេលយូរ ហើយត្រូវព្យាយាម និងអត់ធ្មត់បំផុតទើបអាចវិលមករកភាពដើមបានបង។ ចំពោះអារម្មណ៍ គឺពិតជាមានអារម្មណ៏ថាសោកស្តាយខ្លាំងណាស់ តែខ្ញុំនិងព្យាយាមព្យាបាលវាអោយបានលឿនបំផុតនិងចូលទីលានវិញបាន»។ សម្ដីទាំងស្រុងរបស់ ប៊ុនធឿន ប៊ុនណារ៉ុង។

សូមបញ្ជាក់ជាថ្មីថា កីឡាករ ប៊ុនធឿន ប៊ុណ្ណារ៉ុង ត្រូវបានរងរបួសធ្ងន់ធ្ងរដោយដាច់សរសៃរជង្គង់ (ACL) កាលពីប្រកួតជាមួយសិង្ហបុរី ក្នុងជំនួបទី៤ ប្រចាំពូល B ដែលពេលនោះរងបរាជ័យដោយលទ្ធផល ១ទល់០ ខណៈកាលពីប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម រូបគេបានបង្ហាញខ្លួនចំនួន ៣ប្រកួតផងដែរ ក្នុងចំណោម ៥ប្រកួត៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់