Keisuke Honda នឹងមកដល់កម្ពុជា យប់នេះដើម្បីត្រៀមដឹកនាំជម្រើសជាតិប្រកួតជម្រុះ World Cup

មាស សុផាណារ៉ុង September 1, 2019


 

ភ្នំពេញ៖ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda នឹងឡើងមកកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា នេះ ដើម្បីចូលរួមដឹកនាំ ជម្រើសជាតិកម្ពុជា ការប្រកួតជម្រុះជុំទី២ បាល់ទាត់ពិភពលោក ២ប្រកួតដំបូង ប្រចាំពូល C។

តាមការឲ្យដឹងពីមន្ត្រីសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា អ្នកចាត់ការទូទៅ Keisuke Honda នឹងមកដល់ទឹកដីកម្ពុជា នៅវេលាយប់រំលងអាធ្រាត្រ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

បន្ទាប់ពីមកដល់កម្ពុជា នៅព្រឹកថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី០២ ខែដដែល លោកនឹងត្រូវដឹកនាំក្រុមហ្វឹកហាត់ភ្លាមតែម្ដង សម្រាប់ត្រៀមការប្រកួត FIFA World Cup Qatar 2022។

លោកនឹងមានតួនាទី ដឹកនាំ ជម្រើសជាតិកម្ពុជា ប្រកួតតទល់ជាមួយ ជម្រើសជាតិ ២ផ្សេងទៀត រួមមានជម្រើសកោះហុងកុង និងជម្រើសជាតិបារ៉ែន ក្នុងការប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ប្រចាំពូល C។

ជំនួបបើកឆាក កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង ផ្ទាល់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ មុននឹងបន្តទទួលជំនួបទី២ ជាមួយ បារ៉ែន នៅថ្ងៃទី១០ ខែដដែលនៅពហុកីឡដ្ឋានជាតិ ដូចគ្នា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់