វគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន ស្វាយរៀង ប៉ះក្រោន ឯវិសាខា ប៉ះបឹងកេត និងប្រកួតតែនៅកីឡដ្ឋានជាតិ

មាស សុផាណារ៉ុង August 31, 2019


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បានរៀបចំកម្មវិធីចាប់គូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) រួចហើយ ខណៈលទ្ធផល ព្រះខ័នរាជស្វាយរៀង ត្រូវជួប ភ្នំពេញក្រោន និងវិសាខា ត្រូវជួប បឹងកេត។

បើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានឲ្យដឹងថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងធ្វើឡើងនាថ្ងៃទី១៨-១៩ ខែកញ្ញា ពោលគឺវិសាខា ប៉ះបឹងកេត ថ្ងៃទី១៨ និងព្រះខ័នរាជស្វាយរៀង ប៉ះភ្នំពេញក្រោន នាថ្ងៃទី១៩។

លើសពីនេះ ក្លឹបនីមួយៗ បានឯកភាពគ្នាយកពហុកីឡដ្ឋានជាតិ ប្រើប្រាស់រួមក្នុងការប្រកួតវគ្គដ៏សំខាន់នេះ គ្រាដែលការប្រកួតនឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់ក្ដីយកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថា មុនឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះអង្គរថាយហ្គឺរ ដោយលទ្ធផល ៦ទល់០ (២ជើង)។ ភ្នំពេញក្រោន បានវាយបកឈ្នះក្រុមក្រសួងការពារជាតិ ដោយបាល់ប៉េណាល់ទី ៥ទល់៤ ក្រោយប្រកួត ២ជើងស្មើគ្នា ២ទល់២ ។ វិសាខា បានយកឈ្នះ គិរីវង់ ដោយលទ្ធផល ៥ទល់២ (២ជើង) និងបឹងកេត បានយកឈ្នះសូលទីឡូអង្គរ ដោយលទ្ធផល ២ទល់១ (២ជើង)៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់