លីគកំពូលហុងកុង បើកថ្ងៃនេះ មុនសម្រាកនៅសប្ដាហ៍បន្ទាប់ ដើម្បីជម្រើសជាតិប្រមូលផ្ដុំប្រកួតជម្រុះ World Cup

មាស សុផាណារ៉ុង August 30, 2019


 

ហុងកុង៖ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នេះ ការប្រកួតពានរង្វាន់លីគកំពូលហុងកុង​ ( 香港超級聯賽 – Hong Kong Premier League ) រដូវកាល២០១៩-២០២០ នឹងចាប់ផ្ដើមប្រកួតរបស់ខ្លួន ពោលគឺនោមុនក្រុមជម្រើសកោះហុងកុងប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីឡើងមកប្រកួតជម្រុះបាល់ទាត់ពិភពលោក។

លីគកំពូលដែល មានក្រុមចំនួន ១០ចូលរួមនេះ គឺធ្វើឡើងនៅមុនមួយសប្ដាហ៍នៃការប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ទល់នឹងកម្ពុជា នៅក្នុងជំនួបបើកឆាកប្រចាំពូល C។

នៅថ្ងៃនេះមានការប្រកួតចំនួន ១គូ និងនៅថ្ងៃសៅរ៍ទី៣១ ខែសីហា ស្អែកមានការប្រកួតចំនួន ៣គូបន្ថែម និងថ្ងៃអាទិត្យទី០១ ខែកញ្ញា មាន ១គូចុងក្រោយ។

បន្ទាប់ពីប្រកួតសប្ដាហ៍ដំបូងនៃលីគកំពូលហុងកុង នៅថ្ងៃទី០១ ខែកញ្ញា ភ្លាម ថ្ងៃទី០២ ខែកញ្ញា ការកោះហៅកីឡាករចូលជំរំហ្វឹកហាត់នឹងធ្វើឡើងផងដែរ នៅកីឡដ្ឋាន Jockey Club HKFA Football Training Centre រយៈពេល ២ម៉ោង។

សម្រាប់សមាសភាពកីឡាករចំនួន ២៣នាក់ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិហ្វាំងឡង់ លោក Mixu Paatelainen បានកោះហៅរួចហើយផងដែរតាំងពីពាក់កណ្ដាលខែសីហា ដោយភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពនៅលីគកំពូលហុងកុងផ្ទាល់តែម្ដង និងមួយចំនួនតូចប្រកបអាជីពនៅលីគកំពូលចិន និងលីគទី២ ចិន។

បន្ទាប់មកនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា សមាសភាពក្រុមទាំងមូលក្រោមការដឹកនាំដោយ លោក Mixu Paatelainen នឹងធ្វើការហ្វឹកហាត់ម្ដងទៀត មុននឹងធ្វើដំណើរមកកាន់ទឹកដីកម្ពុជា នៅល្ងាចថ្ងៃដដែល។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។

ជំនួបបើកឆាក កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង ផ្ទាល់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ មុននឹងបន្តទទួលជំនួបទី២ ជាមួយ បារ៉ែន នៅថ្ងៃទី១០ ខែដដែលនៅពហុកីឡដ្ឋានជាតិ ដូចគ្នា៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ហុងកុង – HKFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់