គ្រូភ្នំពេញក្រោន បង្ហើបក្រុមចង់ជួបនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង August 30, 2019


 

ភ្នំពេញ៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបភ្នំពេញក្រោន បានរំភើបជាខ្លាំង ដែលកូនក្រុមខ្លួន អាចសម្រេចគោលដៅយកឈ្នះក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ (ទ័ព) ដោយបាល់ប៉េណាល់ទី ៥ទល់៤ បន្ទាប់ពីវាយបកឈ្នះ ២ទល់១ ក្នុងជើងទី២ (សរុប ២ជើងស្មើគ្នា ២ទល់២) ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ កាលពីថ្ងៃពុធកន្លងទៅ។

ក្រោយទទួលបានកៅអីនេះភ្លាម លោក ស៊ុំ វណ្ណា បានបង្ហើបថាមិនចង់ជួបព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រ បានន័យថា វគ្គ ១/២ ផ្ដាច់ព្រ័ត្រ ក្រុមខ្លួនចង់ជួបបឹងកេត ឬវិសាខា ជាង។ លោកថា៖ «ព្រះខ័នរាជ ជាក្រុមមួយរៀបចំបានល្អ តាំងពីថ្នាក់ដឹកនាំ ក្រុមបច្ចេកទេស គ្រូ និងកីឡាករ។ ម្យ៉ាងគាត់ស្ថិតក្នុងអាទិភាពលើកពានលីគមួយហើយ ចឹងអ្វីដែលគាត់ត្រូវរៀបចំ គឺចាប់យកទាំងពីរ។ ចឹងបើសិនយើងប៉ះគាត់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងអាចមានបញ្ហា តែបើយើងគេចគាត់បាន ចាំទៅជួបនៅវគ្គផ្ដាច់ព្រ័ត្រ យើងអាចមានឱកាសច្រើន។»

យ៉ាងណាមិញ អតីតគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ថា៖ «ជាក់ស្ដែងដល់វគ្គនេះ មិនថាក្លឹបណាធំ ក្លឹបណាតូចទេ ព្រោះចូលទីលានលេង ១១នាក់ស្មើគ្នា ចឹងបើក្លឹបណារៀបចំបានល្អ នឹងមានឱកាសឡើងវគ្គបន្ដ។»

និយាយត្រលប់ទៅជ័យជម្នះលើ ក្រសួងការពារជាតិ យ៉ាងតានតឹងក្នុងវគ្គ ៨ក្រុមចុងក្រោយ លោកបានបង្ហើបអំពីតិចនិច និងការត្រៀមខ្លួនដ៏ល្អ ដើម្បីវាយបកទម្លាក់ក្រសួងការពារជាតិ លោកថា មុនជួបក្រសួងការពារជាតិ ក្រុមខ្លួនបានត្រៀមលក្ខណៈសម្បត្តិ ១សប្ដាហ៍ឯណោះ សូម្បីពេលជួបសូលទីឡូអង្គរក្នុងលីគ ក៏លោកទុកកីឡាករសំខាន់ៗ ៥-៦រូប ដើម្បីត្រៀមកម្លាំងតតាំងជាមួយក្រុមលោក ទេព ឡុងរចនា ដែរ។

ភ្នំពេញក្រោន បានរៀបំការសម្រាកនៅសណ្ឋាគារ ១យប់ រួមផ្សំជាមួយការសម្រាក ការហូបចុក និងការរៀបចំផ្សេងៗ ដោយក្រុមមើលថែកីឡាករយ៉ាងល្អ។ លោកថា ការត្រៀមបែបនេះ ព្រោះលោកដឹងទ័ព គឺជាក្រុមខ្លាំងមួយ ម្យ៉ាងក្រុមខ្លួនចាញ់ប្រៀប ១គ្រាប់ថែមទៀត ហេតុនេះទើបលោកយកចិត្តទុកដាក់ខ្លាំង។ ជាក់ស្ដែងក្រោយប្រកួតស្មើគ្នា ០ទល់០ នៅវគ្គទី១ លោកបានប្ដូរយុទ្ធសាស្ដ្រដាក់សម្ពាធ រហូតធ្វើបានសម្រេច ជាមួយការយកឈ្នះ ២ទល់១។ លុះឈានចូលដល់ការទាត់ប៉េណាល់ទីសេចក្ដី ភ្នំពេញក្រោនក៏បានត្រៀមមុន ២ថ្ងៃដែរ ពិសេសអ្នកចាំទី គង់ ចាន់វុទ្ធី មានការជឿជាក់ខ្ពស់ក្នុងការសង្គ្រោះ។

លោកលើកឡើងថា៖ «ចំពោះប៉េណាល់ទីវិញ គឺយើងបានហាត់មុន ២ថ្ងៃមុន ហើយអ្នកចាំទី (វុទ្ធី) គាត់មានទំនុកចិត្តថា អាចសង្គ្រោះបាន ២បាល់ គាត់និយាយខ្លួនឯង សំខាន់គាត់ថា ឲ្យក្រុមយើងទាត់ចូលគ្រប់គ្រាប់ទៅ យើងឈ្នះហើយ ធាតុពិតយើងធ្វើទៅបានល្អមែន។ និយាយរួមយើងត្រៀម ព្រោះយើងអត់ស្មានលទ្ធផលបាន ចឹងយើងត្រូវត្រៀមប៉េណាល់ទី។»

ចំពោះបេក្ខភាពវគ្គ ៤ក្រុមចុងក្រោយវិញ រួមមានភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង បឹងកេត និងវិសាខា ហើយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីចាប់គូប្រកួតវគ្គបន្ដ នាពេលឆាប់ៗខាងមុខ៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown

អត្ថបទ៖ បុត្រា

មតិយោបល់